ព័ត៌មានជាតិ

Update៖ តុលាការឃុំខ្លួន អតីតអ្នកប្រដាល់ម្នាក់ ក្លាយជាឃាតកសម្លាប់ស្រ្តី នៅស្រុកអង្គស្នួល

កណ្តាល: នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ឃាតកយកក្រម៉ារឹតកសម្លាប់នារីម្នាក់ នៅស្រុកអង្គស្នួល ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះ ត្រូវផ្តន្ទាទោសពី១០ឆ្នាំ ទៅ១៥ឆ្នាំ ។

ជនល្មើសមានឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ ឈ្មោះ ផុល ភាព ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមជម្រាបថា រយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកប្រធានការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានបំបែកសំណុំរឿង និងវែកមុខឃាតក យកក្រម៉ារឹតកសម្លាប់ស្រ្តីវ័យចំណាស់ម្នាក់ នៅក្នុងព្រៃយ៉ាងសាហាវ ឃោរឃៅ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ថា: ជនរងគ្រោះ‌ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ក៏បានប្រទះឃើញជនល្មើស និងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀន នៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះ បានស្រែកឡូឡាថាឲ្យ ធ្វើឲ្យពួកក្មេងៗភ័យនាំគ្នារត់គេចចេញទៅអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកសពទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣ និង០៧នាទីរសៀល នៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល
សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់
ជនរងគ្រោះតែម្នាក់ឯង។ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង៕

មតិយោបល់