ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ លោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត បានសម្រេចដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធ រឿង រំលោភលើទំនុកចិត្ត ឱ្យត្រលប់ទៅផ្ទះវិញ។
ប្រភពបញ្ជាក់ថា ជនសង្ស័យដែលត្រូវលោកស្រី សុង ឆវ័ន្ត ដោះលែងមានឈ្មោះ ឈឹម ហាក់ស៊ីម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាបុគ្គលិក ផ្នែកលក់ របស់ក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ ៨E0 ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានសម្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុច ក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ ១៥E0 ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នន់ ប្រសើរ ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន KSLM ដោយចោទប្រកាន់ជនសង្ស័យថា បាន យកសម្ភាររបស់ក្រុមហ៊ុនទៅលក់ កិបកេងមិនព្រមបង្វិលលុយចូលក្រុមហ៊ុនវិញ ចំនួន ១៦,០៦៥ដុល្លារ។
ក្រោយឃាត់ខ្លួន សមយត្ថកិច្ចខណ្ឌ៧មករា បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី តែចុងក្រោយជនសង្ស័យត្រូវបាន លោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត ដោះលែងឱ្យមានសេរីភាពវិញ។
ពាក់ព័ន្ធមូលហេតុនៃដែលលោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត សម្រេចដោះលែងជនជាប់ចោទខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតបនឹងសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ។
យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ បានថា បទ រំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ៦លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៅដើមបណ្តឹង។
ចំណែកមាត្រា៧នៃ ក្រមនីតិវិធីព្រហ្មទណ្ឌបាន ចែងថា មូលហេតុនៃការរលត់បណ្ដឹងអាជ្ញារួមមាន៖
-មរណៈភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
-និងអាជ្ញាអស់ជំនុំ។
កាលណាបណ្ដឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ចប់៕
មតិយោបល់