ព័ត៌មានជាតិ

តុលាការសម្រេចផ្តន្ទាទោសសកម្មជនCNRP ៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសសកម្មជនគណ:បក្សសង្គ្រោះជាតិចំនួន៣រូប ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន៧ឆ្នាំ។

ពិរុទ្ធជនទាំង៣នាក់នៅក្នុងសំណុំរឿងនេះរួមមាន៖

-ទី១ ឈ្មោះ រឿង ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ

-ទី២ ឈ្មោះ យន់ គឹនហួរ ភេទប្រុស អាយុ ២៨ឆ្នាំ

-ទី៣ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៣៣ឆ្នាំ

ត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការចោទប្រកាន់ពីបទ ចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណ:មានស្ថានទម្ងន់ទោស និងប្រព្រឹត្តអំពើហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៥៦ មាត្រ៤៥៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅតុលាការបានធ្វើការសាកសួរដេញដោលជនជាប់ចោទឈ្មោះ យា ថុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមក្នុងការធ្វើកុបកម្មពិតមែន ក៏ប៉ុន្តែខ្លួនមិនបានវាយតប់គ្នាជាមួយក្រុមសន្តិសុខខណ្ឌដូនពេញនោះទេ គឺខ្លួនបានជួយសន្តិសុខម្នាក់ដែលត្រូវគេវាយ យកទៅទុកក្នុងក្រសួងសាធារណ:ការ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ មានជនជាប់ចោទចំនួន២នាក់ត្រូវបានតុលាការសាកសួរដេញដោលក្នុងសវនាការ៖

-ឈ្មោះ រឿង ចិត្រា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមកុបកម្មនៅទីលានប្រជាធិបតេ្យពិតមែន ហើយបានប្រព្រឹត្តអំពើហិង្សា ដោយសារក្រុមសន្តិសុខបានវាយត្រូវរូបខ្លួន ហើយខ្លួនបានវាយតប់ទៅវិញ ដើម្បីការពារខ្លួនតែប៉ុណ្ណេះ។

-ឈ្មោះ យន់ គឹនហួរ បានឆ្លើយសារភាពថា ខ្លួនក៏បានចូលរួមក្នុងតវ៉ាទាមទាររំដោះទីលានប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ដោយសារតែធ្លាប់បានឃើញ និងឮថា មានក្រុមសន្តិសុខច្រើននាក់មកវាយតប់ប្រជាពលរដ្ឋហើយពេលនោះខ្លួនក៏ផ្ទុះកំហឹងទ្រាំមិនបានក៏ចូលរួមវាយតប់ ក៏ប៉ុន្តែគ្រាន់តែយកដងទង់ជាតិជ័រក្រវីដាក់ក្រុមសន្តិសុខតែមិនបានវាយទេ។

ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាស្រដៀងគ្នានេះផងដែរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះលោក ហេង សុខណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទោទោសក្រុមពិរុទ្ធជនដែលបានវាយអ្នកតំណាងរាស្ត្រគណ:បក្សសង្គ្រោះជាតិ ដែលមាន ទី១ឈ្មោះ ចាយ សារិទ្ធ អាយុ ៣២ឆ្នាំ មុខរបរ យោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ មុខរបរ យោធាបន្ទាយអង្គរក្ស រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣ឈ្មោះ សុត វណ្ណ នី អាយុ៤៥ឆ្នាំ យោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពន្ធនាគារម្នាក់កំណត់រយ:ពេល៤ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសក្នុងពន្ធនាគារត្រឹម១ឆ្នាំទោសសល់ត្រូវព្យួធម្មតា ពិន័យជាប្រាក់ចំនួន៦លានរៀលក្នុងម្នាក់ៗចូលថវិការដ្ឋ និងបង្គាប់ឲ្យជនជាប់ចោទទាំង៣នាក់រួមគ្នាសងជំងឺចិត្តជនរងគ្រោះទាំងពីរនាក់ចំនួន៨០លានរៀល ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រ២១៨ មាត្រា១០៧ និងមាត្រ១០៨ នៃក្រមព្រហ្មទណ្ឌ។ តុលាការបានលើកលែងបទចោទ ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស លើជនជាប់ចោទទាំង៣នាក់ផងដែរ៕

មតិយោបល់