ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ត្រីនគរបាលជាន់ខ្ពស់នៅនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានបង្ហើបម្រាប់ Post News នៅមុននេះបន្តិចថា នៅពេលឆាប់ៗខាងមុខនេះ ស្នងការនគរបាលខេត្តចំនួន៥ នឹងត្រូវធ្វើការផ្លាស់ប្តូរ នឹងតម្លើងតំណែងដោយ ក្នុងនោះស្នងការខ្លះ ត្រូវទៅកាន់តំណែងថ្មី នឹងខ្លះចូលនិវត្តន៍ ហើយស្នងការខ្លះទៀត នឹងត្រូវផ្លាស់ចេញពីខេត្តរបស់ខ្លួន ទៅកាន់ខេត្តផ្សេងទៀត។
មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនេះ បានប្រាប់ Post Newsទៀតថា ស្នងការនគរបាលខេត្តទាំង៥ ដែលនឹងត្រូវផ្លាស់ប្តូរនាពេលខាងមុខនោះ រួមមាន ស្នងការខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងត្រូវផ្លាស់ទៅកាន់ជាស្នងការខេត្តសៀមរាបវិញ ជំនួសលោកឧត្តមសេនីយ៍ទោ សត ណាឌី ដែលត្រូវចូលនិវត្តន៍។
ស្នងការខេត្តតាកែវ លោកឧត្តមសេនីយ៍ អ៊ុក សំណាង នឹងត្រូវទៅកាន់ស្នងការខេត្តព្រះសីហនុវិញ។ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ដែលជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទៅជាស្នងការខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ អ៊ុក សំណាង។
ស្នងការខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលផែនអន្តោប្រវេសន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងត្រូវតែងតាំងជាស្នងការខេត្ត ជំនួសលោកឧត្តមសេនីយ៍ កែវ ពិសី ដែលត្រូវចូលនិវត្តន៍។ ស្នងការខេត្តកំពង់ឆ្នាំងវិញ លោកវរសេនីយ៍ឯក ឡុច វណ្ណរ៉ា ដែលជាស្នងការរង ទៅជាស្នងការនគរបាលខេត្តកំពង់ឆ្នាំងជំនួសលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ដែលត្រូវចូលនិវត្តន៍។ ក្រៅពីនេះ នៅមានផ្លាស់ប្តូរតំណែងមន្ត្រីនគរបាលថ្នាក់ស្រុក ខណ្ឌ ជាច្រើនរូបទៀតផងដែរ៕
មតិយោបល់