ព័ត៌មានជាតិ

ប្រជុំស្តីពីការបង្កើនប្រសិទ្ធភាពការងារ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ

ព្រៃវែងៈ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបស្តីពីការបង្កើនប្រសិទ្ធភាពការងារជំនាញ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ប្រជាពលរដ្ឋទូទាំងខេត្ត។

ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី ស្នងការរងទទួលស្ថិតិអត្តសញ្ញាណប័ណ្ណ ប្រធាន អនុប្រធានការិយាល័យ អធិការ អធិការរង និងមន្រ្តីទទួលការងារ អត្តសញ្ញាណប័ណ្ណ ខេត្ត.ស្រុក.ក្រុង ទាំង ១៣។

លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានឲ្យគ្រប់អធិការស្រុកក្រុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះស្រងស្ថិតិបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមស្ថានីយ៍ចល័តក្នុងភូមិ ឃុំ ដែលខ្លួនរស់នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១៣។

លោកស្នងការបានបន្តទៀតថា នគរបាលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានល្អមុន និងចេញដំណើរ ត្រូវពាក់មួកសុវត្តិភាព។ ដូចនេះមន្រ្តីនគរបាល ត្រូវធ្វើជាគំរូ ក្នុងការអនុវត្តច្បាប់ចរាចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងបន្តបំផុសចលនា មហាជន និង ប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព និងបានរៀបចំ ប្រជាកាពារតាមភូមិ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត ប្រកបអាជីវកម្ម គ្រប់ប្រភេទ ដោយសប្បាយគ្មានការភ័យខ្លាច បន្តទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។

លោកស្នងការបានធ្វើការណែនាំដល់គ្រប់អធិការដ្ឋានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នអគ្គិភ័យ ពីព្រោះរដូវនេះជារដូវក្តៅ ត្រូវបំផុសប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ត្រៀមទឹកទុកក្នុងពាងឲ្យបានគ្រប់គ្រាន់ ក្រែងមានគ្រោះអគ្គិភ័យណាមួយកើតឡើងដោយ យថាហេតុ ងាយស្រួលជួយសង្គ្រោះបានទាន់ពេលវេលា។

លោកស្នងការបានបញ្ជាក់ទៀតថា ការងារទិសដៅបន្តនគបាលត្រូវចុះធ្វើការគ្រប់គ្រងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅតាមផ្ទះសំណាក់ ផ្ទះជួល រោងសិប្បកម្ម រោងចក្រជាដើម ត្រូវបំផុសប្រជាពលរដ្ឋឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានផុសផុល និងគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណ វាមានអត្ថប្រយោជន៍ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីយកទៅបំពេញបែបបទចូលធ្វើការផ្សេងៗ ច្រើនណាស់ ហើយប្រជាពលរដ្ឋពេលដែលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីហើយត្រូវ ចេះថែរក្សាឲ្យបានគង់វង្សផង៕

មតិយោបល់