ភ្នំពេញៈ លោក ហ្សង់ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា អមដំណើរដោយលោក ហ្វីលីព ស្តាំងម៉េត (Philippe Steinmetz) នាយកទីភ្នាក់ងារភិវឌ្ឍន៍បារាំង ប្រចាំកម្ពុ ជានិងឡាវ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី២។ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រោងចក្រផលិតទឹកស្អាតនិរោធ ដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងជាពីរដំណាក់កាលក្រោមជំនួយពីដៃគូអន្តរជាតិនានា ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ការកសាងក្នុងជំហានទី១ ទទួលបានសហហិរញ្ញប្បទានចំនួន១៦លានអឺរ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (លើការចំណាយសរុបជាង៩០លានដុល្លារ) ហើយអាចផលិតទឹកស្អាតបានចំនួន១៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ទាប់ពីត្រូវបានដាក់ឲ្យដំណើរការតាំងពីខែមករា ឆ្នាំ២០១៣មក។
ការសាងសង់ជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាត ដូចជំហានទី១ ដែរនោះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ក្រោមឥណទានថ្មីចំនួន៣០លានអឺរ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បច្ចុប្បន្ន ការងារសាងសង់ដែលធ្វើឡើងដោយក្រុមហ៊ុន Vinci Construction Grands Projets ក្រោមការត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមហ៊ុន SAFEGE សម្រេចបាន៨៣%ហើយ។ ជំហានទី២នេះ នឹងជួយឲ្យរដ្ឋាករទឹកផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន៣៥ម៉ឺននាក់បន្ថែមទៀត នៅតំបន់ជាយរាជធានី។ ក្រោយពេលសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ នឹងអាចផ្គត់ផ្គង់៥០% នៃតម្រូវការទឹកស្អាតនៅភ្នំពេញ និងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។
រោងចក្រនេះ នឹងបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់ ដើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ដែលនឹងជួយឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ រក្សាបាននូវតំណែងជាអ្នកផលិត និងចែកចាយទឹកស្អាតគម្រូក្នុងតំបន់។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូតបារាំង បានថ្លែងកោតសរសើរដល់គុណភាពទឹកផលិតដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដែលស្របតាមគ្រប់ស្តង់ដារអន្តរជាតិ ជាមួយអត្រាបាត់បង់ទឹកប្រមាណតែ៧%ប៉ុណ្ណោះ ខណៈដែលនៅប្រទេសបារាំង អត្រាបាត់បង់ទឹកមានរហូតដល់ប្រមាណ១៥%។
ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសបារាំង បានបន្តជួយកម្ពុជា ក្នុងការស្តារ និងកសាងបណ្តាញទឹកស្អាតតាមរយៈការផ្តល់ហិរញ្ញប្បទានពីសំណាក់រតនាគារបារាំង បន្ទាប់មកទៀត តាមរយៈជំនួយរបស់ទីភ្នាក់ងារ AFD ដែលបានផ្តល់កម្ចីគ្មានការធានាពីរដ្ឋដំបូងគេចំនួនចំនួន ១១,១លានអឺរ៉ូ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីឆ្នាំ២០០៦ ដើម្បីបង្កើនទ្វេដងនូវសមត្ថភាពរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ។ ហិរញ្ញប្បទានផ្តល់ជាបន្តបន្ទាប់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានចំនួនសរុបជាង៦១លានអឺរ៉ូ ចាប់តាំងពីឆ្នាំ២០០២មក ក៏បានជួយរដ្ឋាករទឹកពង្រីកបណ្តាញចែកចាយទឹកប្រមាណ៨២៥គីឡូម៉ែត្រផងដែរ។
នៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរដ្ឋទូត ហ្សង់ក្លូដ ពាំបឺហ្វ បានគូសបញ្ជាក់សារជាថ្មីពី ការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការបន្តគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងវិនិយោគធំៗរបស់ស្ថាប័ននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតដែលកាន់តែកើនឡើងជាលំដាប់របស់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញទាំងមូល៕
មតិយោបល់