ភ្នំពេញៈ ក្រោមការតាមមើលដោយយកចិត្តទុកដាក់ពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពីធនាគារជាតិ នៃកម្ពុជា លើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងគ្នាជាផ្លូវការរវាងធនាគារឯកទេស វីង និងក្រុមហ៊ុន Gmaney Trans របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែមិថុនានេះ ការផ្ទេរប្រាក់ ការផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា ឬការបង្វិលសាច់ប្រាក់ពីកម្ពុជា ទៅកូរ៉េ វិញ នឹងលែងមានផលលំបាក ឬបញ្ហាស្មុគ្រស្មាញដូចពីមិនទៀតហើយ ពិសេស គឺមានសុវត្ថភាពខ្ពស់ចាប់ពីពេលនេះតទៅ។
នៅក្នុងវេទិកាស្តីពីប្រព័ន្ធបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា-កូរ៉េ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ ភាគីទាំង២ វីង និង Gmaney Trans បានអះអាងថា ”តទៅនេះ ទាំងប្រជាពលរដ្ឋ និងពលករកម្ពុជា រស់នៅប្រទេសកូរ៉េខាងត្បូង ទាំងអស់ អាចផ្ញើប្រាក់ពីប្រទេសកូរ៉េ មកកម្ពុជា បានតាមរយៈការប្រើប្រាស់គណនី វីង បានយ៉ាងរហ័ស និងសុវត្ថិភាព ហើយកាន់តែមានភាពងាយស្រួលថែមទៀត”។
លោក ចូចូ មាឡូឡូស អគ្គនាយកប្រតិបត្តិ ធនាគារឯកទេស វីង បានឲ្យដឹងថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ មិនត្រឹមតែនាំមកនូវបទពិសោធន៍សម្រាប់អតិថិជន ពិសេសពលករដែលរស់នៅប្រទេសកូរ៉េ ក្នុងការផ្ទេប្រាក់មកផ្ទះប៉ុណ្ណោះទេ ថែមទាំងអាចរក្សានូវទំនាក់ទំនងល្អជាមួយក្រុមគ្រួសាររបស់ពួកគាត់តាមរយៈវីង ផងដែរ។ នេះ ជាសមិទ្ធិផថ្មីមួយទៀត ដែលភាគីកម្ពុជា និងកូរ៉េ បានធ្វើរួមគ្នា ដើម្បីបម្រើឲ្យភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការដើរតួនាទីផ្តល់ទំនុកចិត្ត និងសុវត្ថិភាពពីវីង ក្នុងការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស។
លោក គឹម ជុងម៉ូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Gmaney Trans បានពន្យល់ថា ដើម្បីផ្ញើលុយពីកូរ៉េមកកម្ពុជា អតិថិជនគ្រាន់តែមាននូវកម្មវិធីរបស់ Gmaney នៅលើទូរស័ព្ទដៃ រួចបញ្ចូលលេខគណនី វីង ចំនួនទឹកប្រាក់ រួចចុចបញ្ជូនជាការស្រេច។ លោកអ្នកអាចទទួលបានប្រាក់នៅក្នុងគណនី វីង របស់ខ្លួនភ្លាមៗ៕
មតិយោបល់