ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរមនុស្ស ដែលបោកជនរងគ្រោះថាឲ្យទៅរៀបការនៅប្រទេសចិន!

ភ្នំពេញៈ យោងតាមផេក អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរមនុស្សមួយ ដែលក្រុមមេខ្យល់ ដើរបោកជនរងគ្រោះ ថានឹងឲ្យទៅរៀបការនៅប្រទេសចិនស្របច្បាប់។ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ បានសង្គ្រោះ នារីរងគ្រោះ២នាក់ ដោយម្នាក់ជាអនិតិជន បានរំដោះមកពីប្រទេសចិន និងម្នាក់ទៀតបានទប់ស្កាត់ទាន់ពេលវេលា រួចផុតពីការជួញដូរ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន២នាក់ផងដែរ។

ករណីជួញដូរមនុស្សនេះ កើតឡើងតាំងពីអំឡុង ខែមេសា ឆ្នាំ២០១៧ ដែលដំបូងឡើយប្អូនស្រីម្នាក់ ឈ្មោះ ប.ផ អាយុ១៦ឆ្នាំ ត្រូវបានស្ត្រីម្នាក់ជាជនជាតិខ្មែរលួងលោម ឲ្យរៀបការជាមួយប្តីចិនដោយគេជាអ្នករត់ការឲ្យ។ ក្រោយពេលព្រមព្រៀង ប្អូនស្រីក៏ត្រូវស្ត្រីមេខ្យល់ម្នាក់នោះនាំមកភ្នំពេញ ជួបជាមួយស្ត្រីមេខ្យល់ម្នាក់ទៀត ដើម្បីនាំទៅធ្វើប៉ាស្ព័រ បន្ទាប់មកនាំទៅទីក្រុងសៃហ្កន ប្រទេសវៀតណាម ជួបជាមួយមេខ្យល់វៀតណាម ទើបបន្តជិះយន្តហោះ ទៅកាន់ទីក្រុងហាណូយ ហើយជិះតាក់ស៊ី ទៅកាន់ព្រំដែនវៀតណាម ជាប់ខេត្តកងចូវប្រទេសចិន រួចទើបដើរកាត់ព្រៃភ្នំ លួចឆ្លងដែន ចូលទៅប្រទេសចិន។

ប្អូនស្រីបានរៀបរាប់ថា តាមផ្លូវនៅក្នុងព្រៃលើភ្នំពេលដើរឆ្លងដែនពីប្រទេសវៀតណាម ទៅប្រទេសចិន ប្អូនស្រីត្រូវបានបានមេខ្យល់វៀតណាម ចាប់រំលោភរួចទៅហើយ ទើបប្រគល់ទៅឲ្យមេខ្យល់ជនជាតិចិនបន្ត ។

ពេលទៅដល់ទឹកដីចិន ប្អូនស្រីត្រូវបានក្រុមមេខ្យល់ឃុំទុកមួយសប្តាហ៍ ទើបហៅបុរសចិន០៦នាក់ មកមើលប្អូនស្រី ពេលនោះក៏មានបុរសម្នាក់ពេញចិត្ត ព្រមទិញប្អូនស្រីក្នុងតម្លៃ១២ម៉ឺនយន់ សម្រាប់រយៈពេល០១ខែ ពេលនោះ ក្នុង១ថ្ងៃ ប្អូនស្រីត្រូវគេបង្ខំរួមភេទ ២ទៅ៣ដង។

ក្រោយមកពីបុរសចិនទី១ ប្រគល់ប្អូនស្រីឲ្យទៅមេខ្យល់វិញ។ បានមួយរយៈ មេខ្យល់នោះក៏លក់ប្អូនស្រីទៅឲ្យបុរសចិនទី២ ក្នុងតម្លៃ១៣ម៉ឺនយន់ សម្រាប់រយៈពេល១ខែកន្លះ ហើយបុរសទី២នោះ ក៏ទុកប្អូនស្រីសម្រាប់បម្រើផ្លូវភេទ ២ទៅ៣ដងក្នុងមួយថ្ងៃដូចគ្នា។

ក្រោយពេលបញ្ចប់ពីការបម្រើកាមគុណបុរសទី២ មួយរយៈក្រោយមក មេខ្យល់ ក៏បានលក់ប្អូនស្រីទៅបុរសចិនទី៣ ក្នុងតម្លៃ ៦ម៉ឺនយន់ ហើយបុរសទី៣នោះ ក៏បានយកប្អូនស្រីទៅរស់នៅជាមួយ ក្នុងតំបន់ព្រៃភ្នំដាច់ស្រយ៉ាលពីទីក្រុង ដោយរស់នៅ ក្នុងនាមជាអ្នកបម្រើផ្លូវភេទផង និងជាអ្នកបម្រើដាច់ថ្លៃក្នុងផ្ទះផង ក្នុងនោះប្អូនស្រីត្រូវគេបង្ខំឲ្យរួមភេទគ្រប់ពេល ទៅតាមចិត្តដែលគេចង់ និងត្រូវនៅបម្រើយាយចាស់ម្នាក់ក្នុងផ្ទះ ព្រមទាំងធ្វើការងារផ្ទះសព្វមុខទាំងអស់ ដោយមិនឲ្យចេញទៅណាឡើយ។

ក្រោយពេលរស់នៅជាមួយបុរសចិនទី៣ អស់រយៈពេលប្រហែល២ខែកន្លះ នៅថ្ងៃទីប្អូនស្រីបានរកឱកាស លួចយកទូរសព្ទ ទំនាក់ទំនងមកកាន់គ្រួសារនៅឯប្រទេសខ្មែរ។

ក្រោយពីគ្រួសារប្អូនស្រី ប.ផ បានទទួលដំណឹងពីប្អូនស្រីភ្លាម ក៏បានពិភាក្សាគ្នា ឲ្យជីដូនឡើងមកភ្នំពេញ ចូលជួបឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹង ឲ្យជួយដល់ប្អូនស្រី ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង និងមានការណែនាំយ៉ាងម៉ឹងម៉ាត់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កយយោធលពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវជួយសង្គ្រោះ រំដោះប្អូនស្រីរងគ្រោះ មកវិញឲ្យខាងតែបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដាក់បញ្ជាដល់កម្លាំងជំនាញ នៃការិយាល័យ បទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវយ៉ាងស្និតស្នាល ជាមួយ ក្រុមគ្រួសារជនរងគ្រោះ រហូតឈានដល់ ធ្វើការឃាត់ខ្លួនមេខ្យល់ខ្មែរម្នាក់ឈ្មោះស៊ុ ចំរើន ហៅលីលី ហៅលីហ្សា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ហើយបានទប់ស្កាត់ស្ត្រីរងគ្រោះម្នាក់ផ្សេងទៀត ឈ្មោះ ស.ល រួចផុតពីការជួញដូរ ខណៈដែលនារីរងគ្រោះម្នាក់នេះ ត្រូវបានមេខ្យល់ឈ្មោះ ស៊ុ ចំរើន បម្រុងនាំទៅលក់នៅប្រទេសចិនជាបន្ត ។

រហូតដល់អំឡុងខែកុម្ភៈឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ទាក់ទងនារីរងគ្រោះឈ្មោះ ប.ផ នៅប្រទេសចិន បានតាមរយៈទូរស័ព្ទ ដោយនារីរងគ្រោះ លួចទំនាក់ទំនងមកដោយផ្ទាល់ នៅពេលនោះ លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យបទល្មើស ជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំប្អូនស្រីឲ្យ លួចរត់ទៅកាន់ ទិសណា ដែលឮសន្ធឹករថយន្ត រកផ្លូវទៅជួបជាមួយប៉ូលីសចិន ដើម្បីឲ្យប៉ូលីសជួយនាំទៅកាន់ស្ថានទូតខ្មែរប្រចាំនៅ ទីក្រុងប៉េកាំង ។ បន្ទាប់មកអាវុធហត្ថរាជធានី ភ្នំពេញបានសហការណ៍ជាមួយនគរបាលជាតិក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រសួងការបរទេស និង អង្គការសម្ព័ន្ធចាប់ដៃ ដើម្បីរៀបចំសំណុំបែបបទ និងសំបុត្រយន្តហោះ នាំយកប្អូនស្រីរងគ្រោះ ពីទីក្រុងប៉េងកាំង មកកាន់កម្ពុជាវិញ ក្នុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅទីបំផុតអាវុធហត្ថរាជធានីភ្នំពេញក៏បានជួយប្អូនស្រីរួចផុតពីអំពើជួញដូរ និងទាសករផ្លូវភេទ ព្រមទាំងបានជូនប្អូនស្រី ទៅដល់ស្រុកកំណើត បង្កើតបានជាក្តីរំភើបលាយឡំដោយទឹកភ្នែកពេញក្នុងរង្វង់គ្រួសារដ៏កម្សត់។

ក្រោយពីប្អូនស្រីរងគ្រោះ បានរួចទុក្ខភ័យ ជួបជុំគ្រួសារវិញ អាវុធហត្ថរាជធានីភ្នំពេញ ក៏បន្តនិតិវិធី ដោយសហការណ៍ជាមួយ អាវុធហត្ថលើផ្ទៃប្រទេស និង អាវុធហត្ថខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ទៀតឈ្មោះ ឃឹម សុខខេង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមេខ្យល់ម្នាក់នេះបានគេចខ្លួនអស់ជាច្រើនខែ និងបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាលទ្ធផលនៃការបង្ក្រាបអំពើជួញដូរមនុស្សនេះ អាវុធហត្ថរាជធានីភ្នំពេញ បានរំដោះនារីរងគ្រោះជាអនិតិជនម្នាក់ពីប្រទេស ចិនមកកាន់កម្ពុជា ទប់ស្កាត់នារីម្នាក់ផ្សេងទៀតរួចផុតពីការជួញដូរបញ្ជូនទៅស្រុកកំណើតជួបជុំគ្រួសារវិញ និងឃាត់ខ្លួន ជនសង្ស័យជាមេខ្យល់បាន០២នាក់ បញ្ជូនទៅតុលាការ ព្រមទាំងកំណត់បានមុខសញ្ញាស្ត្រីខ្មែរម្នាក់ បានប្តីចិន គឺជាមេក្លោងធំក្នុងការជួញដូរមនុស្សយ៉ាងសកម្ម កំពុងគេចខ្លួនទៅប្រទេសចិន។

តាមរយៈរឿងសោកសង្វេគដែលបានកើតឡើងជាក់ស្តែងនេះ គឺជាបទពិសោធន៍បង្ហាញថា អាពាហ៍ពិពាហ៍ក្រៅច្បាប់ ជាមួយជនបរទេស គឺជាការ ប្រថុយប្រថានដ៏គ្រោះថ្នាក់បំផុត ដែលយើងទាំងអស់គ្នា គួរជៀសវាងដាច់ខាត។ ក្នុងករណីមានការលួងលោម ពីបុគ្គលណាម្នាក់ដែលគ្មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន គឺជាអំពើបោកបញ្ឆោត ដែលអាច ឈានទៅដល់ការជួញដូរមនុស្សយ៉ាងពិតប្រាកដ ។ ដូច្នេះបើមានករណីលួងលោមទាំងនេះកើតឡើង សូមប្រញ៉ាប់រាយការណ៍ ទៅកាន់អាជ្ញាធរឬសមត្ថកិច្ចដែលនៅជិតលោកអ្នកកុំបីខាន៕

https://youtu.be/yAhyvVTGQc8

មតិយោបល់