ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងប្រុសម្នាក់ ដកហូតគ្រឿងញៀនចំនួន៥៩កញ្ចប់

ភ្នំពេញ: ក្មេងប្រុសម្នាក់បានឈរលក់គ្រឿងញៀន នៅម្ដុំរោងចក្រឆ្នាំង ផ្លូវរទេះភ្លើង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននិងដកហូតគ្រឿងញៀនបានចំនួន៥៩កញ្ចប់ កាលវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ចំណុចផ្លូវរទេះភ្លើង ក្រុម១០៩ ភូមិ២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្មេងប្រុសសង្ស័យមានឈ្មោះ សាំ ម៉ារ៉ា អាយុ១២ឆ្នាំ  ស្នាក់នៅមិនពិតប្រាកដ នៅក្បែររបងសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ក្មេងប្រុសម្នាក់នេះកំពុងឈរស្ពាយថង់ដាក់គ្រឿងញៀនត្រៀមលក់ ក៏កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកក់២ ឃើញមានការសង្ស័យ ក៏ឃាត់ខ្លួនឆែក ថ្នាំញៀនចំនួន៥៩កញ្ចាក់ រួចបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសួរនាំរកមេខ្លោង។

ក្រោយពីសាកសួរក្មេងប្រុស សាំម៉ារ៉ា បានសារភាពថា រាល់ថ្ងៃរូបគេបានដើរលក់ផ្ការតាមភ្លើងស្តុប តែបែរជារូបខ្លួនមកលក់គ្រឿងញៀននេះ គឺគេឲ្យដើរលក់ ហើយគេឲ្យក្នុង១ថ្ងៃ៣ម៉ឺនរៀល ហើយដើរលក់បានចំនួន៣ថ្ងៃ ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នក្មេងប្រុសសង្ស័យនិងវត្ថុតាងត្រូវកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងបន្តស្រាវជ្រាវតាមរកមេក្លោងធំ៕

មតិយោបល់