ព័ត៌មានជាតិ

ឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីហិង្សា!..

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនដៃដល់ម្នាក់ តាមបណ្តឹងជនរងគ្រោះឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ពាក់ព័ន្ធករណីហិង្សារដោយចេតនា ប្រើដាវកាប់បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ត្រង់ក្បាលងងឹងមុខដួល និងដេរចំនួន១៨ថ្នេរ ករណីនេះកើតឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទីយប់ នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទិត្យ ភា ភេទប្រុស អាយុ ២៤ឆ្នាំ ដែលជាជនដៃដល់ នៅចំណុចភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ដំបូងឡើយ ខ្លួនបានទៅផឹកស៊ី នៅផ្ទះឈ្មោះ ប៉ង់ ដែលធ្វើពិធីបុណ្យដាលាន ជាអ្នកធ្វើការជាមួយគ្នា លុះពេលផឹកស៊ីបានមួយសន្ទុះ ស្រាប់តែឈ្មោះ ប៉ង់ បានយកដាវមកកាប់លើរូបខ្លួនប្រហែល ៥ដាវ បណ្តាលឲ្យរងរបួសចំស្មា និងដៃឆ្វេង ដោយពុំដឹងមូលហេតុ តែពុំបណ្តាលឲ្យរបួសធ្ងន់នោះទេ ហើយត្រូវបានអ្នកនៅក្បែរនោះជួយឃាត់បំបែក ហើយឈ្មោះ ប៉ង់ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។ បន្ទាប់មករូបខ្លួន និងមិត្តភក្តិ៣នាក់ទៀត ដែលមានឈ្មោះ ធារ៉ា , ឈ្មោះ កុយ និងបងប្រុសឈ្មោះ កុយ(មិនស្គាល់ឈ្មោះ) បានជិះម៉ូតូ២ ម៉ាក ហុងដា សេ១១០ ពណ៍ក្រហម និងម៉ាក ស្មាស មិនចាំស្លាកលេខ តាមរកឈ្មោះ ប៉ង់ ពេលពួកខ្លួនជិះដល់ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក៏ឃើញបុរសម្នាក់ ដែលមានរូបរាង ស្រដៀងឈ្មោះ ប៉ង់ និងមានពាក់មួកសុវត្ថិភាព ដោយនឹកស្មានថាឈ្មោះ ប៉ង់ ភ្លាមនោះ រូបខ្លួន ក៏បានលោតចុះពីលើម៉ូតូ ដោយមានកាន់ដាវ បានកាប់ទៅលើជនរងគ្រោះ មួយទំហឹង ហើយរូបខ្លួនក៏បានជិះម៉ូតូគេខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទី ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង៕

មតិយោបល់