ព័ត៌មានជាតិ

សិស្សសាលា២នាក់ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវសាំយ៉ុងបុក របួសធ្ងន់ស្រាល!

ភ្នំពេញ: យុវជន២នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណ:ពួកគេជិះម៉ូតូលឿនទាំងបញ្ច្រាសទិសដៅចរាចរណ៍ ហើយត្រូវរថយន្តសាំយ៉ុងបើកចេញពីហាងនំប៉័ង ជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាងនំប័ងតាំងប៊ុនIII ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនជាសិស្សសាលា២នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FM 1465 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាសទិសដៅចរាចរណ៍ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខបើកចេញពីហាងនំប៉័ង ក៏វ៉ាក់អើគ្នាចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ភ្លាមនោះរថយន្តសង្រ្គោះក៏បានបើកគេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់