ព័ត៌មានជាតិ

មានវីដេអូ៖ តុលាការឃុំខ្លួននគរបាលជំនាញបាញ់ ក្នុងគុកសិន កុំឲ្យដើរបាញ់ ពលរដ្ឋស្លាប់ទៀត!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាបង្គាប់ឲ្យ ឃុំខ្លួន លោកនគរបាល ដែលបាញ់ពលរដ្ឋស្លូតត្រង់ស្លាប់ ពេលបង្ក្រាបល្បែងជល់មាន់នៅខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីកុំឲ្យដើរបាញ់ខុសបច្ចេកទេសស្លាប់ពលរដ្ឋតទៅទៀត។

យោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាម Telegram ថា ក្រោយពីបានពិនិត្យឯកសារសំណុំរឿង សាកសួរចម្លើយតាមនីតិវិធី និងពិនិត្យភស្តុតាង លោក សៀង សុខ ជាតំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី (ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ពីបទ មនុស្សឃាតដោយអចេតនា លើជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៍គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទខាងលើនេះបានធ្វើឡើងបាន ទាល់តែមាន បញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កុំអីចាប់អត់បានទៀត។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបបនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំដុះស្លែប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងប្រតិបត្តិការ ដេញចាប់អ្នកលេងល្បែងនោះ កម្លាំងសមត្ថកិច្ច ប្រើហេតុផលថា ខ្លាចអ្នកជល់មាន់ មានអាវុធ ទើប បាញ់មេឃគំរាម មនុស្សខូច តែមិនចំមេឃ បែរជាចំពលរដ្ឋស្លូតត្រង់បណ្តាលស្លាប់នៅនឹងកន្លែងទៅវិញ៕

https://youtu.be/w6NkAuZryzk

https://youtu.be/DFxQgBmdehk

មតិយោបល់