ព័ត៌មានជាតិ

Update: ប៉េអឹមខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម

ស្ទឹងត្រែង: ជនសង្ស័យ៣នាក់ ត្រូវបានកងអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចស្រែសំគង់ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខាងលើនេះកម្លាំងអាវុធហត្ថបានរៀបចំកម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អស់ជាច្រើនថ្ងៃ ទើបអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួនជាក់ស្ដែងតែម្តង។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ អ៊ុ ឡា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិបឹងកក់ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ទី២ឈ្មោះ ង្វៀង ហុងចូវ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាមមុខរបរម៉ៅការសំណង់ មានទីលំនៅភូមិ១ សង្កាត់វ៉ាហ្វូ ក្រុងហូជីមីង ប្រទេសវៀតណាម។ ទី៣ឈ្មោះ ខាន់ យុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាមមុខរបរជាងសំណង់ មានទីលំនៅភូមដើមពោធិ៍ ឃុំកណ្ដៀង ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកវ៉េវស៊េរីចាស់ ពណ៌ខ្មៅ ស្លាកលេខកណ្តាល1A-9299 មួយគ្រឿង ចិញ្ចៀនផ្លាកទីនមួយវង់ ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងគ្រឿងញៀនមួយកញ្ចប់ធំ ដែលមានទម្ងន់ស្មើនឹង៩៩៩,១ក្រាម។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក អាវុធហត្ថខេត្តដឹកនាំកម្លាំងដោយលោកវរ:សេនីយ៍ទោ ដួង វិចិត្រ បានធ្វើការឡោមព័ទ្ធផ្ទះមួយកន្លែងដែលនៅជិតផ្សារក្នុងក្រុងស្ទឹងត្រែង ដើម្បីរុករកវត្ថុតាងបន្ថែម ដោយមានការដឹកនាំ នឹងសម្របសម្រួលពីសំណាក់លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តផងដែរ។

លោកវរ:សេនីយ៍ទោ ដួង វិចិត្រ បានបញ្ជាក់ថា មូលហេតុដែលកម្លាំងអាវុធហត្ថធ្វើការឡោមព័ទ្ធផ្ទះខាងលើនេះ គឺដោយសារតែមុននឹងឃាត់ខ្លួនជនសង្ស័យ គឺជនសង្ស័យបានមានទំនាក់ទំនងជាមួយនិងម្ចាស់ផ្ទះនេះ ប៉ុន្តែការរុករកវត្ថុតាងបន្ថែមនោះ គឺយើងនៅមិនទាន់រកឃើញនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តនាំខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ដើម្បីធ្វើការសួរនាំបន្ថែម ព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕

មតិយោបល់