ភ្នំពេញៈ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញបានធ្វើការបង្ហាញខ្លួនជនបង្ក ដែលបានបើករថយន្តបុក និងកិនមនុស្សស្លាប់។
លោក ចែវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ជនបង្កដែលបើករថយន្តបុក និងកិនមនុស្សស្លាប់កាលពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយករណីទី១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យស្ត្រី២នាក់បងប្អូនស្លាប់នៅនិងកន្លែង ដែលមានឈ្មោះ អន ស្រីមាន អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ អន ពិដោ អាយុ១៩ឆ្នាំ អ្នកទាំង០២នាក់ មានទីលំនៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលជិះម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AH-3577 ដោយបានជិះស្របទិសគ្នាជាមួយរថយន្តមួយគ្រឿង ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-6508 បុកពីក្រោយយ៉ាងពេញទំហឹង អ្នកបើកបររថយន្តឈ្មោះ អឿន និន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ករណីទី២ នៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបណ្តាលឲ្យស្ត្រី២នាក់បងប្អូនស្លាប់នៅនិងកន្លែង ដែលមានឈ្មោះ ផល ចាន់ធី អាយុ ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ និងម្នាក់ទៀតឈ្មោះ ផល ភឿន អាយុ ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ អ្នកទាំង២នាក់ មានទីលំនៅភូមិបឹងអន្ទង់ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដែលជិះម៉ូតូមួយគ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-9102 បានជិះស្របទិសគ្នាជាមួយរថយន្ត មួយគ្រឿង ម៉ាក FUSO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-0030 ជាប្រភេទរថយន្តបាញ់បេតុង បណ្តាលឲ្យបុកពីក្រោយ៉ាងពេញទំហឹង អ្នកបើកបររថយន្តឈ្មោះ រិន ប្រុសណាត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ៤៨៤ ផ្លូវលំ ភូមិឫស្សី សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ។
ករណីទី៣ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន បើកបរដោយឈ្មោះ HAYASAKA SHINICHI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ជប៉ុន ស្នាក់នៅផ្ទះលេខ៥៦១ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារតែបុករបាំងថ្មបែងចែកទ្រូងផ្លូវ ក្រោយមករេចង្កូតមកស្តាំបុកជាមួយម៉ូតូចំនួន០៧គ្រឿង និងរថយន្តចំនួន០៥គ្រឿង បានបណ្តាលឲ្យមនុស្សចំនួន០៧នាក់រងរបួសធ្ងន់ស្រាល។
លោកបានបញ្ជាក់ទៀតថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ បើកបរឲ្យមានការប្រុងប្រយ័ត្ន ហើយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងនោះទេ គឺវាអាចបណ្តាលឲ្យយើងជួបគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្នជនបង្កទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ជាធរមាន៕
មតិយោបល់