កណ្តាលៈ ស្រ្តីម្នាក់បានដើរឆ្លងកាត់ផ្លូវ ក្នុងទិសដៅពីលិចទៅកើត ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកពីត្បូងទៅជើង ដំណើរពីជ្រៃធំ ទៅក្រុងតាខ្មៅ បានជ្រុលចង្កូតទៅបុក អ្នកថ្មើរជើងស្លាប់នៅនឹងកន្លែង រួចបើករថយន្ត គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ២១ ចំណុចគល់ស្ពានព្រែកតាហ៊ីងទី៥២ ត្រើយខាងត្បូង ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ឃន វ៉ន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរដើររើសអេតចាយ មានទីលំនៅភូមិឃុំកើតហេតុ។
ពាក់ព័ន្ធនឹងករណីនេះ គឺបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ចំណែកជនរងគ្រោះ ទើបត្រឡប់មកពីរើសសំបកកំប៉ុងក្នុងពិធីបុណ្យ តាមផ្លូវលំក្បែរព្រែកតាហ៊ីង ត្រើយខាងត្បូង ចុះពីផ្លូវជាតិប្រហែល២០០ម៉ែត្រ ក៏ត្រូវរថយន្តបុកស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលើសាកសពភ្លាមៗ រួចប្រគល់ ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់