ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ យកដៃគងថ្ងាសសង្ស័យ…

ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់យកដៃគងថ្ងាស ស្របពេលប្រពន្ធមិននៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ អៀរ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកចង្រាន ឃុំល្វេស្រុកកោះសូទិន ខេត្តកំពង់ចាម។
មានប្រពន្ធឈ្មោះ រស់ ស្រីលីស អាយុ៣០ឆ្នាំ មុខរបរលក់ភេសជ្ជៈមុខការាស់រថយន្ត មានស្រុកកំណើតនៅភូមិបារុង ឃុំបារុង ស្រុកល្វាអែម ខេត្តកណ្តាល មានកូន២នាក់ប្រុស។

តាមសម្ដីឈ្មោះ ខៀវ សុខបាន មុខរបរបើករថយន្តស្នាក់នៅការាស់ភូមិសំរោង សង្កាត់សំរោងក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលប្រពន្ធជនរងគ្រោះ មិននៅផ្ទះព្រោះរវល់នាំកូន ទៅលេងស្រុក ជនរងគ្រោះ បានផឹកស្រាស្រវឹង នៅម្តុំការាស់រថយន្ត ដែលជាកន្លែងជនរងគ្រោះ បាននាំរូបគាត់ទៅដេកជាមួយ ដោយមានយកស្រាទៅផឹកនៅផ្ទះជួលបន្តទៀត។

ដោយនៅវេលាម៉ោងប្រហែល១០ ព្រឹកថ្ងៃទី១៤ ខែសីហា គាត់បានដឹងខ្លួន ឃើញជនរងគ្រោះដេកយកដៃគងថ្ងាស គាត់មិនបានចាប់អារម្មណ៍ បានដេកបន្តទៀត រហូតដល់ម៉ោង២រសៀល ទើបគាត់បានងើបម្តងទៀតឃើញជនរងគ្រោះ ដេកដាក់ថ្ងៃគងថ្ងាសដដែល គាត់មិនបានចាប់អារម្មណ៍ទៀត បានទៅកន្លែងធ្វើការនៅការាស់រថយន្តបាត់ទៅ។

លុះនៅវេលាម៉ោងកើតហេតុ គាត់ឆ្ងល់មិនឃើញជនរងគ្រោះ មកធ្វើការក៏បាននាំគ្នា ទៅដាស់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះដេកដាក់ថ្ងៃគងថ្ងាសដដែល ពេលនោះគាត់បានទៅអង្រួនដាស់ជនរងគ្រោះ ទើបដឹងថាស្លាប់បាត់ទៅហើយ ក៏ផ្អើលឆោទ្បោ រួចទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុមន្ត្រីជំនាញ បានមកពិនិត្យថា សពខាងលើស្លាប់ដោយគាំងបេះដូង រួចធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់