ភ្នំពេញៈ កម្មករសំណង់២នាក់ជិះម៉ូឌុបគ្នា បើកម៉ូតូលឿន បានបុករថយន្ត ១គ្រឿង ស្របទិសគ្នាកំពុងបត់នៅពីមុខចំពេញទំហឹង បណ្តាលឲ្យរបួសបែកមុខបែកមាត់ទាំង២នាក់។ ចំណែករថយន្តផ្ទុះបែកកង់មុខខាងឆ្វេង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង ១០និង៤៥នាទីយប់ ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបកែងមន្ទីរពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូ១គ្រឿង ម៉ាក Nex ពណ៌សលាយខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 1F-7345 បើកបរដោយឈ្មោះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ទាំង២នាក់រងរបួសបែកមុខបែកមាត់ (បើកបរក្នុងល្បឿនលឿន មិនគោរពស្តុប និងមិនពាក់មួកសុវត្ថិភាព) លុះដល់ចំណុចខាងលើ បានបុកចំពីចំហៀងមុខផ្នែកខាងឆ្វេង រថយន្តម៉ាក LEXUS ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-5945 បើកបរដោយបុរសចិត្តល្អម្នាក់ អាយុប្រហែល២៦ឆ្នាំ ។
បន្ទាប់ពីកើតហេតុភ្លាមនោះ ម្ចាស់រថយន្តបានឲ្យយុវជនទាំង២នោះ សង់ថ្លៃខូចខាត៦០០ដុល្លារ គ្រាន់តែលឺដូច្នេះភ្លាម យុវជនម្នាក់ទន់ជង្គង់ស្រក់ទឹកភ្នែក ស្រែកយំ អាណិតខ្លួនមិនដឹងបានលុយពីណាយកមកសងគេ មួយសន្ទុះក្រោយមកយុវជនម្នាក់នោះបានដើរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើររួចក៏លោតជង្គង់ លើកដៃសំពះសូមទោស មុខម្ចាស់រថយន្តខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មានចោមរោមយ៉ាងខ្លាំង ស្រាប់តែម្ចាស់រថយន្តមានចិត្តអាណិត ទប់អារម្មណ៍មិនបាន ក៏បាននិយាយថា បានហើយងើបឡើងមក ហើយទៅផ្ទះវិញចុះ និងបាននិយាយអប់រំណែនាំយុវជនទាំង២នាក់នោះ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផង កុំធ្វេសប្រហែសដូចលើកនេះទៀត។
ក្រោយកើតហេតុម្ចាស់រថយន្តបានទាក់ទងសាច់ញាតិមកកន្លែងកើតដើម្បីយកកង់រថយន្តមកផ្លាស់ និងយករថយន្តទៅជួសជុលដោយខ្លួនឯង៕
https://youtu.be/SSG6qi-jpy0
មតិយោបល់