ភ្នំពេញៈ ប្រុសស្រី៣នាក់ ជិះឌុបគ្នាតាមផ្លូវ ត្រូវយុវជនមួយក្រុមទៀតដេញវាយនិងយកដុំថ្មគប់ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខតុលាការកំពូល បណ្ដោយមហាវិថីសម្ដេចសុធារស កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនប្រុសស្រី៣នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ ជិះមកវាយក្រុមជនរងគ្រោះ ជាហេតុធ្វើឲ្យពួកគេព្យាយាមជិះគេច ក៏ប្រទះនឹងសមត្ថកិច្ចខណ្ឌដូនពេញ កំពុងតែធ្វើការល្បាត រួចក៏ចុះអន្តរាគមន៍ដេញឃាត់ខ្លួនយុវជនទាំង២នាក់ ដែលជិះម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BO-9798 ត្រូវសមត្ថកិច្ចក្របួចជាប់ដដែល រីឯបក្ខពួកជនសង្ស័យ៤នាក់ផ្សេងទៀតបានជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចនាំយកទៅធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលចតុមុខ ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងជាមួយគ្នាផងដែរ៕
https://youtu.be/-IosPby7ne0
មតិយោបល់