ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះអាគារខុនដូមួយកន្លែង បណ្តាលឲ្យមនុស្សចំនួន ០៣នាក់ រងរបួស នៅខណ្ឌចំការមន

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥ និង១៥នាទីល្ងាច មានករណីអគ្គិភ័យមួយបានឆាបឆេះអាគារខុនដូមួយកន្លែង ដែលមានយីហោ ដាយមិនធ្វីនថោវើ ក្នុងនោះបានបណ្តាលឲ្យមានមនុស្សចំនួន ៣នាក់ រងរបួស និងបំផ្លាញសម្ភារ:អស់ទាំងស្រុង ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចអាគារខុនដូ ដាយមិនធ្វីនថោវើ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកំពុងឆាបឆេះអាគារខុនដូ មួយកន្លែង និងមានជាប់មនុស្សច្រើននៅខាងលើដោយមិនអាចចុះមកក្រោមបាន ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ផងដែរ ។ ដោយនៅក្នុងប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក ក៏បានបញ្ជាឲ្យយករថយន្តពន្លត់អគ្គិភ័យ ដែលជាប្រភេទជណ្តើរមានកម្ពស់ ៥៤ម៉ែត្រ ដែលអាចធ្វើការជួយសង្គ្រោះមនុស្សនៅជាន់ទី១០ ទៅដល់ជាន់ទី១២។ ជាក់ស្តែង នៅពេលដែលកម្លាំងជំនាញរបស់យើងមកដល់ទីតាំងកើតហេតុ គឺកម្ពស់ដែលអគ្គិភ័យឆាបឆេះនោះ គឺស្ថិតនៅជាន់ទី១៦ រហូតដល់ជាន់ទី៣១តែម្តង ។

លោកវរសេនីយ៍ឯក បានបន្តថា ៖ ដោយសារតែរថយន្តពន្លត់អគ្គិភ័យរបស់យើង ដែលជាប្រភេទជណ្ដើរនោះ មានកម្ពស់ ៥៤ម៉ែត្រ ស្មើរនឹងជាន់ទី១០ ទៅជាន់ទី១២ ដូច្នេះ យើងមិនអាចធ្វើការពន្លូតឡើងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានឡើយ ។ ភ្លាមៗនោះ លោកក៏បានសម្រេចចិត្តដឹកនាំកម្លាំងសមត្ថកិច្ចជំនាញដោយដើរថ្មើរជើងពីជាន់ទី១ រហូតទៅដល់ជាន់ទី៣១ ដើម្បីធ្វើការជួយសង្គ្រោះយកមនុស្សដែលជាប់គាំងនៅខាងក្នុងអាគារ យកចុះមកក្រោម ដើម្បីឲ្យមានសុវត្ថិភាពផងដែរ ។

ដោយនៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ២៥គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តជំនួយមកពី ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹកអស់, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៧គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៥គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ ដោយសារតែទីតាំងអាគារខុនដូខាងលើនេះ មានប្រព័ន្ធការពារអគ្គិភ័យ និងមានបំពង់ទុយោសម្រាប់ប្រើប្រាស់ ដូច្នេះ សមត្ថកិច្ចជំនាញបានយកមកប្រើប្រាស់ក្នុងប្រតិបត្តិការបាញ់ឲ្យរលត់ទាំងស្រុង ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ៖ ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់ ៣២ជាន់ និងបណ្តាលឆេះខូចខាតសម្ភារ:រួមមាន ប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃដដែល ។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យមានមនុស្សចំនួន ៣នាក់ រងរបួស ក្នុងនោះមាន (ក្មេងប្រុស ១នាក់, ក្មេងស្រី ១នាក់ និងស្ត្រី ១នាក់) ដោយពុំស្គាល់អត្តសញ្ញាណនោះទេ ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕

មតិយោបល់