កំពង់ធំៈ លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ បានរំលឹកដឹងគុណ ដល់បងប្អូន និងក្រុមគ្រួសាររបស់ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ដើម្បីការពារជាតិ មាតុភូមិ និងដណ្តើមយកជ័យជំនះជូនដល់ប្រជាជាតិខ្មែរ បើសិនជាគ្មានលោកពូ អ្នកមីង និងក្រុមគ្រួសារ អតីតយុទ្ធជនទេ ក៏ពុំមានថ្ងៃនេះដែរ ទើបរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុតចំពោះអតីតយុទ្ធជន ដែលកន្លងមក ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធី អបអរសារទរខួបអនុស្សាវរីយ៍លើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា។
លោកវរសេនីយ៍ឯក ឈុន ប៊ុនធឿន មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពី សារាចរ ណែនាំរបស់រាជរដ្ឋាភិបាល នូវគុណបំណាច់របស់អតីតយុទ្ធជនដ៏ធំធេង និងបានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តជាតិ ដើម្បីរំលឹកពីវីរភាពដ៏អង់អាចក្លាហាន ស្នេហាជាតិ និងបានផ្តល់កិត្តិយស ដល់អតីតយុទ្ធជនឲ្យស័ក្កិសម ដែលមានគុណបំណាច់លើប្រទេសជាតិ និងប្រជាជន ហើយរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច លេខ៣១សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ហើយបានកំណត់ថ្ងៃទី២១ មិនថុនា ជារៀងរាល់ឆ្នាំជាថ្ងៃ ទិវាអតីតយុទ្ធជនកម្ពុជា។
បន្ទាប់ពីលោក អ៊ាន ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍ ដែលបានអនុវត្តការងារអតីតយុទ្ធជនកម្ពុជាកន្លងមក។
លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ អានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់នូវអត្ថន័យខ្លឹមសារសំខាន់ដោយលើក យកថ្ងៃទី២១ ខែមិថុនា គឺជាទិវាប្រវត្តិសាស្រ្ត ប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាជនទូទាំងប្រទេស ប្រារព្វខួបលើកទី៩ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកគុណវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកការពារជាតិមាតុភូមិ៕
មតិយោបល់