ព័ត៌មានជាតិ

បញ្ជូនចោរឆក់វ័យក្មេង២នាក់យ៉ាងសកម្ម ទៅតុលាការ!

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ទី១ឈ្មោះ យូ ចាន់រិទ្ទ ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២ឈ្មោះ ផុន ចាន់ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី បន្ទាប់ពីពួកគេទាំង២នាក់ រួម និងបក្ខពួក២នាក់ ទៀត ឈ្មោះ សាល និងឈ្មោះ គិរី ដែលរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពឆក់សម្ភារៈពីជនបរទេស ដែលកំពុងជិះលើម៉ូតូកង់បី នៅចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តែដោយប្រជាពលរដ្ននៅក្បែរនោះឃើញ បានស្រែកឆោរឡោ ចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាត បានប្រដេញតាមភ្លាមៗ រហូតដល់ចំណុចក្បែររង្វង់មូលវត្តសំពៅមាស ក៏ឃាត់ខ្លួន រូបគេទាំង២នាក់បានតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ត្រួយចេក ស្លាកលេខ ភ្នំពេញ 1FT-2021 ចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពឆក់ លុះពេលជិះដល់ចំណុចស្តុបសន្ធរម៉ុក ពួកគេក៏បានជួបបក្ខពួក២នាក់ ទៀត ឈ្មោះ សាល និង ឈ្មោះ គិរី ដែលជិះម៉ូតូម៉ាក ហុងដា សេ ១២៥ មិនចាំស្លាកលេខ ហើយពួកគេបានជិះគ្រប់ទីកន្លែងគ្មានគោលដៅច្បាស់លាស់ លុះពេលជិះដល់ចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពួកគេបានឃើញជនបរទេស កំពុងជិះលើកង់បី ភ្លាមនោះ ពួកគេ បានធ្វើសកម្មភាពឆក់ យកសម្ភារៈ របស់ជនបរទេសតែម្តង តែត្រូវបានប្រជាពលរដ្ឋឃើញសកម្មភាពរបស់ពួកគេ បានស្រែកឆោរឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាត បានប្រដេញតាមពួកគេ រហូតដល់ចំណុច ក្បែររង្វង់មូលវត្តសំពៅមាស ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។

ពួកគេបានបន្តឲ្យដឹងទៀតថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចជាច្រើនលើក រួចមកហើយ នៅកន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ក្រោយពេលធ្វើសកម្មភាពឆក់រួច បាននាំគ្នាស៊ីផឹក និងទិញគ្រឿងញៀនមកប្រើប្រាស់ នៅក្នុងផ្ទះសំណាក់។ ក្នុងអំឡុង ឆ្នាំ ២០១៧ ពួកគេធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅមណ្ឌលកែប្រែម្តងរួចមកហើយ៕

មតិយោបល់