ព័ត៌មានជាតិ

គំនុំក្នុងចិត្តមិនទាន់រសាយ ទាស់គ្នាលើកទី២ ម្នាក់ដេកគុក ឯម្ខាងទៀតដេកពេទ្យ!

ភ្នំពេញៈ​ បុរស២នាក់ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នា ស្ងាត់បាត់មួយរយៈ សម្រាប់តែយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ក៏ផ្ទុះជម្លោះសារជាថ្មី រហូតឈានដល់ប្រើកាំបិតប៉័ងតោកាប់គ្នា បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់។

ហេតុការនេះ បានកើតឡើងអំឡុងម៉ោងជាង៩យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះ រ៉េត ម៉េងលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ លក់ទឹកអំពៅ មានទីលំនៅបន្ទប់ជួល ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សី ។ ចំណែកជនរងគ្រោះឈ្មោះ ពុធ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទឹកអំពៅ មានទីលំនៅបន្ទប់ជួល ក្រុមទី១៤ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ (រងរបួស ក ដៃស្តាំ និងក្បាលពីក្រោយធ្ងន់ធ្ងរ) សម្រាកព្យាលបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគីទាំងពីរនេះ ពីមុនធ្លាប់បានទំនាស់ពាក់សម្ដីគ្នាម្តងរួចមកហើយ តែនៅថ្ងៃកើតហេតុនេះ ភាគីទាំងពីរបានទាស់ពាក្យសម្ដីគ្នាសារជាថ្មី ដោយជនរងគ្រោះ បានមករករឿងជនសង្ស័យ ដល់បន្ទប់ ជួលរួចជនសង្ស័យ បានកាន់កាំបិតប៉័ងតោ ទៅបន្ទប់ជួលជនរងគ្រោះវិញ ពេលទៅដល់ជនសង្ស័យ បានដេញកាប់ជនរងគ្រោះ បណ្តាលឲ្យរងបួសកដៃស្តាំ និងបែកក្បាលពីក្រោយយ៉ាងធ្ងន់។

ក្រោយទទួលបានព័ត៌មានស្តីពីការបង្កជម្លោះនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដែលបានយកកាំបិតកាប់ជនរងគ្រោះឲ្យរបួសធ្ងន់ និងទាក់ទងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីនាំរថយន្តមកជួយសង្គ្រោះ ជនរងគ្រោះពីកន្លែងកើតហេតុភ្លាមៗ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ រួចបាន បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់