ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនឯងដោយប្រើអាវដៃវែង ក្រឡាការ៉ូទៅចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរនៅជាន់ទីពីរនៃអគារសាលប្រជុំរបស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ខណៈពេលដែលស្ត្រីជាបុគ្គលិកម្នាក់ទៅធ្វើការបោសសំអាតកន្លែងធ្វើការរបស់គាត់នោះ។ហេតុការណ៍ ដែលបានបង្ករឱ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៨ និង ១៥នាទីព្រឹក ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៦ នៅលើបង្កាន់ដៃជណ្តើរជាន់ទី២ ក្នុងសាលប្រជុំអគារ(ក) នៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដែលមានទីតាំងលេខ ២២ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះរូបនោះមិនត្រូវបានអ្នកណាម្នាក់ បានស្គាល់ អត្តសញ្ញាណឡើយ ដោយមានអាយុប្រហែលជាង ២០ឆ្នាំ សម្បុរខ្មៅស្រអែម មាឌធំល្មម កំពស់ប្រហែលជា ១,៥៦ ម៉ែត្រ ស្លៀកខោខាងប៊យជើងវែង អាវការ៉ូដៃវែង ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតនៅនឹងបង្កាន់ដៃកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីជាបុគ្គលិកម្នាក់បានមកធ្វើការបោស សំអាតកន្លែងធ្វើការរបស់ គាត់នៅជាន់ខាង ក្រោមក្បែរកន្លែងកើតហេតុនោះ ក៏ស្រាប់តែបានប្រទះឃើញចុងជើងរបស់មនុស្សនៅខាងលើ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបានប្រទះឃើញចុងជើងរបស់មនុស្សនៅខាងលើហើយនោះ ដោយមានការ សង្ស័យស្រ្តីរូបនោះក៏បានដើរឡើងទៅមើល ក៏ស្រាប់តែបានប្រទះឃើញមានមនុស្សចងក សម្លាប់ខ្លួនជាប់ និងបង្កាន់ដៃជណ្តើរក៏រត់ចុះមកខាងក្រោមទៅប្រាប់សន្តិសុខដែលយាមនៅទីនោះ និងរាយការណ៍ប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានផងដែរ។បុរសរូបនេះទំនងជាជនអានាថា និងពុំមានអ្នកណាម្នាក់បានដឹងថារូបគេបានដើរមកពីណា និងចូលទៅចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងក្រសួងខាងលើតាំងពីពេលណានោះឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងមន្ត្រីនគរបាលជំនាញក៏បានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសលវិច្ច័យទៅលើសពបុរសជនរងគ្រោះបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះពិតជាបានស្លាប់ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯពិតប្រាកដមែន។ប៉ុន្តែសពបុរសរងគ្រោះពុំមានអ្នកណាម្នាក់បានស្គាល់ និងដឹងពីអត្តសញញាឡើយ ព្រោះមិនមានអត្តសញ្ញាណប័ន ឬលិខិតស្នាមអ្វីជាប់ខ្លួនបន្តិចណាឡើយ ក៏ត្រូវបានបញ្ជូនយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់