ព័ត៌មានជាតិ

តុលាការឃុំខ្លួនក្រុមចោរប្លន់ ៤នាក់ នៅក្នុងគុកសិន រង់ចាំចាត់ការនៅពេលក្រោយ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បាន ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះ អាសន្ន ក្រុមចោរប្លន់ ចំនួន៤នាក់ នៅពន្ធនាគារព្រៃស ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយ។

យោងតាមប្រភពដដែលបានឱ្យដឹងថា លោកស្រី វ៉ា សក្តា ជាតំណាងអយ្យការ បានចោទប្រកាន់លើ៖

-ទី១ឈ្មោះ សឿន រតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា
-ទី២ឈ្មោះ មឿន សុវណ្ណបូផាន់ ហៅផាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅ ផ្ទះលេខ១៤១៩ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
-ទី២ឈ្មោះ ឆាត រាប់ ហៅរាប់ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
-និងទី៤ឈ្មោះ ពុំ ភារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អំពើហិង្សា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខក្លោងទ្វាវត្តព្រែកថ្លឹង តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែករនាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនត្រូវចោទទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ និងមានបក្ខពួក ២នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព ប្លន់ម៉ាក SUZUKI NEX របស់ជនរងគ្រោះ ឈ្មោះ អោក អេម កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខក្លោងទ្វាវត្តព្រែកថ្លឹង តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែករនាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់