ព័ត៌មានជាតិ

ផ្តន្ទាទោស បុរស អនិកជនអាមេរិកម្នាក់ ដាក់គុក១០ខែ រឿង បោកលុយពលករខ្មែរជាច្រើននាក់ អស់លុយរាប់ម៉ឺនដុល្លារ

ភ្នំពេញៈ លោក សេង លាង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស បុរសអនិកជនខ្មែរ-អាមេរិកម្នាក់ ឈ្មោះ វ័ន្ត យ៉េនវីលៀម (Vorn Yen Viliam) ភេទប្រុស អាយុ ៤៧ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ១០ខែ និងពិន័យជាប្រាក់ ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ និងបង្គាប់ឱ្យជនជាប់ចោទសងសំណងទៅដើមបណ្តឹង ចំនួន ៧នាក់ ចន្លោះ ពី២លានរៀល ទៅ៥,៨០០ដុល្លារ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទបាន បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តុលាការនោះទេ។

គួររំឭកថា ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចហាងកាហ្វេ Park Coffee ក្បែរផ្សារសុវណ្ណា តាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ ជាង១០នាក់ ដែលអះអាងថា បានចាញ់បោកជនជាប់ចោទ ក្នុងម្នាក់ៗ ចន្លោះពី ៣,០០០ដុល្លារ ទៅ ៦,០០០ដុល្លារ ដោយសន្យាថា នាំពួកគេទៅធ្វើការនៅប្រទេសអូស្ត្រាលី៕

មតិយោបល់