ព្រៃវែងៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់វាយខ្នោះ បន្ទាប់ពីរកឃើញថា កំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចទួលព្រះប្រាំ ស្ថិតនៅភូមិខ្នយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ប្រភពពីមន្ត្រី PM បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុច ខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។
ជនសង្ស័យទី១.ឈ្មោះ ផុន សុភ័ស ហៅ អ៊ីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខក្រុមហ៊ុន ប្រូធិច ដែលមានទីលំនៅ បច្ចុប្បន្នរស់នៅភូមិខ្ចោកត្បូង ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២.ឈ្មោះ លី មីឡា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិស្គរដាច ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។ ចំណែកវត្ថុតាង ដែលដកហូតបានមានដូចជា៖ ម្ស៉ៅក្រាមពណ៌សចំនួន០២កញ្ចប់តូច -ឧបករណ៍សម្រាប់ជក់ថ្នាំចំនួន១ សម្រាប់ -ទូរស័ព្ទដៃចំនួន០៣គ្រឿង និងប្រាក់ចំនួន១៥ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់