បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យុវជនឈាមរាវម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ព្រោះតែជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ ហើយទៅប៉ះនឹងម៉ូតូ១គ្រឿងទៀតដែលឈប់ចាក់សាំងក្បែរផ្លូវ ។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតត្រង់ចំណុចចុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ៖ នេះគឺជាករណីបង្កគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯង ជនរងគ្រោះដែលស្លាប់នេះឈ្មោះ មុន ទី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តថា ៖ បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះ មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ស្លាកលេខ បន្ទាយមានជ័យ 1I 9771 ជិះម្នាក់ឯងហើយបានបង្ហោះប្រហែលជា៣០មែត្រ ពេលមកដល់ចំណុចកើតហេតុចុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានវេរចង្កូតទៅបុកនឹងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរីចាស់ ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ សូត្រ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិសែសិន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈពេលដែលឈប់ចាក់សាំងនៅក្បែរចិញ្ចើមថ្នល់។ នៅពេលទៅបុកម៉ូតូកំពុងចាក់សាំងនោះ ឈ្មោះ មុន ទី បានទៅប៉ះនឹងទូកញ្ចក់នៅលើម៉ូតូសម្រាប់ដាក់លក់កណ្តូប ចង្រឹត ជិះលក់តាមភូមិនោះបែកមុតត្រង់ដើម.ក ដួលប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម។នេះក៏ដោយសារតែជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងហើយបង្ហោះម៉ូតូ នេះសំណាងល្អដែលម្ចាស់ម៉ូតូកំពុងចាក់សាំងដើរទៅគិតលុយថ្លៃសាំងឲ្យអ្នកលក់ បើនៅឈរក្បែរនោះក៏នឹងអាចឈានដល់គ្រោះថ្នាក់ផងដែរ ។សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យាតាមប្រពៃណី។
ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនិយាយថា ៖ តាមការពោលរៀបរាប់របស់ម្តាយជនរងគ្រោះ និយាយថាគាត់តែងប្រដៅណែនាំកូនដែរ កុំឲ្យសូវដើរលេង និងបើកម៉ូតូលឿនៗពេក ក្រែងប៉ះពារគេឯងហើយ គាត់នឹងរកប្រពន្ធឲ្យឆ្នាំក្រោយ តែពេលនេះវាស្លាប់ទៅវិញ៕
មតិយោបល់