ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តព្រុស១គ្រឿង ដែលខកខាន​មិន​បាន​បង់​ពន្ធ​លើ​យានយន្ត​ចំនួន​៣ឆ្នាំ ផ្ទុះសង្គ្រាមពាក្យសម្តីធ្ងន់ៗនិងថតវីដេអូដាក់គ្នាទៀត!

បាត់ដំបងៈ យោងតាមផេក នាយកដ្ឋានផ្សពផ្សាយអប់រំ បានឲ្យដឹងថាទាំងស្រុងថា ៖ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ នេះ​ វេលាម៉ោង​៤និង​៤០នាទី​ល្ងាច​ ក្រុម​ត្រួតពិនិត្យ​ការ​បង់ពន្ធ​ លើមធ្យោ​បាយ​ ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧​បាន​ចុះត្រួតពិនិត្យ​ នៅ​ចំណុច​ ភូមិ​អូរ​សណ្តាស​ ឃុំ​កំពង់​ព្រាង​ស្រុក​សង្កែ​ ក្នុង​ខេត្ត​បាត់ដំបង​ ហើយបាន​ចាប់​ឃាត់​រថយន្តToyota Prius ​មួយគ្រឿង ពាក់​ស្លាក​លេខ ​05 019362 ប្រភេទ​ទេសចរណ៍​ ពណ៌ក្រហម​ ផលិត​ឆ្នាំ​២០០៥ ជាកម្មសិទ្ធិ​ លោក​ឡៃ​ លាវ​ មាន​ទីលំនៅ​ភូមិ​ ទួល​ពង្រ​ ឃុំ​សង្កាត់​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ដែលខកខាន​មិន​បាន​បង់​ពន្ធ​លើ​យានយន្ត​ចំនួន​៣ឆ្នាំ​ និង​ត្រូវ​បង់​ប្រាក់​ពន្ធ​និង​ប្រាក់​ពិន័យ​ចំនួន​ ៣២ម៉ឺន​រៀល​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​ កើតហេតុ​បាន​ឲ្យ​ដឹងថា​រថយន្ត​ព្រូស​១គ្រឿង​ បើក​បរ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ទិសដៅ​ ពី​ភ្នំ​ពេញ​ មក​ខេត្ត​បន្ទាយ​មានជ័យ​ លុះ​ដល់​កន្លែង​ត្រួតពិនិត្យ​របស់​ក្រុម​ចល័ត​ពន្ធដារ​ ស្ថិត​ក្នុង​ភូមិ​អូរ​សណ្តាស​ ក្នុង​ខេត្ត​បាត់ដំបង​ គេ​សង្កេត​ឃើញ​ថា​ មាន​កើត​ជម្លោះ​ រវាង​ម្ចាស់​រថយន្ត​Priusនិង​ក្រុម​ចល័ត​ពន្ធដារ​ ប្រើប្រាស់​វោហារសាស្ត្រ​ ធ្ងន់​ៗដាក់​គ្នា​ ដោយមាន​ថត​វីដេអូ​រាងៗខ្លួន​ ដើម្បី​បង្ហាញ​ដល់​សាធារណជនផងដែរ។ ក្រោយ​ពី​ តតាំង​ជាមួយ​គ្នា​ មួយ​រយៈ​ ឃើញថា​សភាពការណ៍​មិន​ធូរស្បើយ​ ខាង​សមត្ថកិច្ច​ពន្ធដារ​ បាន​ស្នើសុំ​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ធ្វើ​អន្តរាគមន៍​ និង​បាន​ ស្ទួច​រថយន្ត​ Prius មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ធើ្វ​ការ​ដោះស្រាយ​។

ក្រោម​ការណែនាំ​ បំភ្លឺ​ពី​សំណាក់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ខេត្ត​បាត់ដំបង​ ​ លោកអនុសេនីយ៍ឯក​ ឈៀង​ រុង​ រួចមក​ ម្ចាស់​រថយន្ត​ បាន​ស្គាល់​កំហុស​ ស្នើសុំ​អោយ​សមត្ថកិច្ច​ពន្ធដារ​ ធ្វើ​ការ​ពិន័យ​តាម​ច្បាប់​ចុះ​។

ឆ្លើយតប​ចំពោះ​ សំណើ​របស់​ម្ចាស់​រថយន្ត​ លោក​​ ទូច​ សុទ្ធី​ អនុប្រធាន​ ពន្ធ​ដា​រ​ បាន​គូស​បញ្ជាក់​ថា​ លោក​មិន​ចង់​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ​! ប៉ុន្ដែ​រាត្រី​ម៉ោង​១១ជិត​កន្លះ​ហើយ​ system ​លែង​ដំណើរ​ការ​ហើយ​ រង់ចាំ​ភ្លឺ​សិន​ ឥឡូវ​ លោក​ប្រគល់ ​ភារកិច្ច​ ការពារ​ រថយន្ត​នេះ​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍​សិន​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ខែ​កុម្ភៈ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ មូលហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពន្ធដារ​ផាក​ពិន័យ​ មក​ពី​ម្ចាស់​រថយន្ត​មិន​មាន​ លិខិត​ស្នាម​បទដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ​ នឹង​ប្រើប្រាស់​វោហារ​សព្ទបង្ក អរិយភាព​នាំ​អោយ​ប៉ះពាល់​ដល់​ការ​អនុវត្តន៍​ច្បាប់​ក្នុង​ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​៕

មតិយោបល់