ព័ត៌មានជាតិ

ACE ធ្វើកម្មវិធីសប្បុរសធម៌ និងអបអរប្រពៃណីខ្មែរ ប្រមូលថវិកា ជួយដល់អង្គការPSE

ភ្នំពេញ: មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) បានរៀបចំ​កម្មវិធី​ដើម្បី​សប្បុរសធម៌ និង អបអរ​ប្រពៃណី​ខ្មែរ ក្នុង​គោលបំណង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ​ក៏ ដូចជា ដើម្បី​ប្រមូល​ថវិកា សម្រាប់​បរិច្ចាគ​ដល់ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ ​ACE ទួល​ទំពូង​។​
​កញ្ញា ប៉ាន់ ពុ​ទ្ធី មន្ត្រី​ទីផ្សា និង​ជា​អ្នករៀបចំ​កម្មវិធី បាន​មានប្រសាសន៍ថា កម្មវិធី ACE ដើម្បី​សប្បុរសធម៌ និង អបអរ​ប្រពៃណី​ខ្មែរ​

​ដោយមាន​ទឹកចិត្ត​ស្រឡាញ់​ការជួយ​សង្គ្រោះ និង គាំទ្រ​ដល់​ការអភិរក្ស​វប្បធម៌ ប្រពៃណី​ខ្មែរ ជាមួយនឹង​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល ឬ​ហៅ​កាត់​ថា អេ​.​ស៊ី​.​អ៊ី (ACE)​។ ក្រុមការងារ ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សិស្ស ACE បាន​ផ្តួចផ្តើម​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​សប្បុរសធម៌ និង​អបអរ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ ដោយមាន​ឈ្មោះថា “​កម្មវិធី ACE ដើម្បី​សប្បុរសធម៌ និង អបអរ​ប្រពៃណី​ខ្មែរ​” ក្នុង​គោលបំណង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ ក៏ដូចជា ដើម្បី​ប្រមូល​ថវិកា​សម្រាប់​បរិច្ចាគ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ថា (PSE)​។ PSE ជា​អង្គការ​មួយ ដែល​កំពុងធ្វើការ​យ៉ាង​សកម្ម ក្នុងការ​ជួយសង្គ្រោះ​កុមារ​ក្រីក្រ​កម្ពុជា រាប់ពាន់នាក់ តាមរយៈ​ការផ្តល់​ការអប់រំ ជំនាញ វិជ្ជាជីវៈ និង​តម្រូវការ​ចាំបាច់​សម្រាប់​គ្រួសារ​របស់​ពួកគេ​។ 

​កញ្ញា ពុ​ទ្ធី បាន​បន្តថា បច្ចុប្បន្ន​អង្គការ​មនុស្សធម៌​មួយ​នេះ កំពុង​ជួបប្រទះ​ការខ្វះខាត​ជំនួយ​យ៉ាងខ្លាំង ក្នុងការ​ទ្រទ្រង់​ដល់​កុមារ​ក្រីក្រ​ទាំងនេះ​។ ថវិកា​ទាំងអស់ ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ នឹង​យកទៅ​បរិច្ចាគ​ទៅដល់​អង្គការ​មួយ​នេះ​។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ម៉ោង ៧:៣០​នាទី​ព្រឹក ដល់ ម៉ោង ៦:៣០​នាទី​ល្ងាច​នៅ សាលារៀន ACE ទួល​ទំពូង​ដោយមាន​ការចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​សាលា ACE និង​នៅ​សាលា​នានា ក៏ដូចជា​មាតាបិតា​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​រួមមាន ការលេង​ល្បែង​ប្រជាប្រិយ ការសម្តែង​រាំ និង​ច្រៀង របាំ​ត្រុដ និង​ការ​រាប់បាត្រ​ប្រគេន​ព្រះ​ស​ង្ឈ​ចំនួន ៥០ ព្រះអង្គ នាពេល​ព្រឹក​ផងដែរ​។ 
​កម្មវិធី​នេះ​ក៏មាន​ការគាំទ្រ​ពី​ស្ថាប័ន​មួយចំនួន​មានដូចជា Nikon, Monument book, Digi, NesCafe, SMART, Big Apple Donut, Woobee, BrewHouse, Coca and Dasani, Akasa and Domino’s Pizza ។ ក្រុមការងារ​ឯកអគ្គ​រដ្ឋទូត​សុ​ឆន្ទៈ សិស្ស​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា កម្មវិធី ACE ដើម្បី​សប្បុរសធម៌ និង អបអរ​ប្រពៃណី​ខ្មែរ នឹង​នាំមក​ភាពសប្បាយ​រីករាយ​ដល់​សិស្សានុសិស្ស និង​មាតាបិតា ដ៏​ដូចជា​ទទួលបាន​ថវិការ​បរិច្ចាគ​ថវិកា​មួយចំនួនធំ​ដល់​អង្គកា​រ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​៕​

   
    
 

មតិយោបល់