ព័ត៌មានជាតិ

ក្រសួងកសិកម្មត្រៀមអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនៅថ្ងៃនេះបានជូនដំណឹងពីការត្រៀមអន្តរាគមន៍កម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវរបស់ប្រជាកសិករ ដែលដង្កូវនេះជារៀងរាល់ឆ្នាំ តែងតែបានយាយីមកលើផលដំណាំរបស់ប្រជាកសិករ មានបន្លែ ពោត សណ្តែក និងស្រូវជាដើម។

នៅដើមរដូវវស្សាឆ្នាំនេះ គេសង្កេតឃើញមានក្រុមសត្វល្អិតចង្រៃប្រភេទដង្កូវហ្វូងនេះ បានធ្វើការយាយីមកដំណាស្រូវនៅតំបន់មួយចំនួនរបស់ប្រជាកសិករ ដែលនាំឲ្យមានការព្រួយបារម្មណ៍ ព្រោះថាការបង្កបង្កើនផលស្រូវឆ្នាំនេះមានការយឺតយ៉ាវជាងឆ្នាំមុនៗ ដោយសារមិនអំណោយផលពីធម្មជាតិ និងអាកាសធាតុក្តៅ ឬរដូវប្រាំងអូសបន្លាយយូរទៀតផង ប្រសិនបើមានបញ្ហាបំផ្លាញដោយសារដង្កូវហ្វូងទៀតនោះ កសិផលស្រូវឆ្នាំនេះអាចរងផលប៉ះពាល់។

ដើម្បីចៀសវាងប្រការទាំងនោះ ក្រសួងបានជូនដំណឹងពីការត្រៀមជួយអន្តរាគមន៍កម្ចាត់ប្រភេទដង្កូវហ្វូងនេះតាមវិធីសាស្រ្តផ្សេងៗដូចជា ៖ ប្រើអន្ទាក់ជូអែមនៅពេលយប់ ដើម្បីកម្ចាត់មេអំបៅដង្កូវហ្វូង , កម្ចាត់ដង្កូវហ្វូង , កម្ទេចប្រភពដង្គូវហ្វូងនៅជុំវិញចម្ការ ឬ ស្រែ។

គួរំលឹកថា ក្នុងពេលថ្មីៗនេះមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានចុះអន្តរាគមន៍ ផ្សព្វផ្សាយវិធានការទប់ស្កាត់ និងបំផ្លាញដង្កូវហ្វូង និងបង្ហាញពីរបៀបកៀរពន្លិចពពួកហ្វូងដង្កូវទៅក្នុងទឹក និងរបៀបបាញ់ថ្នាំសម្លាប់៕

មតិយោបល់