បន្ទាយមានជ័យៈ យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៣១ ដក.បចខ របស់សាលដំបូងខេត្តកណ្តាល ស្តីពីករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ ដោយអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញដែលចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ បានទទួលបានព័ត៌មានថា ជនសង្ស័យឈ្មោះ យឺន ចន្ទី (ហៅ ទី) ភេទ ប្រុស អាយុ ២៦ឆ្នាំ ដែលជាជនដៃដល់បានប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន បានមកសម្ងំលាក់ខ្លួន និងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្ន្ងងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ហើយលោកមេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែត បានបញ្ជា និងដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការចុះធ្វើការឃាត់ខ្លួនជនសង្ស័យនៅក្នុងបន្ទប់ជួលតែម្តង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ៖ ពេលធ្វើការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យឈ្មោះ យឺន ចន្ទី (ហៅ ទី) បានសារភាពថា ៖ កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ រូបគេ ជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ផារ៉ូត និងជនរងគ្រោះឈ្មោះ លី បានជិះម៉ូតូទាំង៣នាក់ (ម៉ូតូរបស់ជនរងគ្រោះ) ទៅសេពគ្រឿងញៀន នៅក្នុងព្រៃឬស្សី ក្រោយវត្តពោធិសាត់ ខេត្តកណ្តាល ពេលសេពគ្រឿងញៀនរួចក៏មានការទាស់សម្តីគ្នាជាមួយជនរងគ្រោះ (លី) ហើយរូបគេ (ទី) និងឈ្មោះ ផារ៉ូត ក៏បានព្រួតគ្នាវាយទៅលើជនរងគ្រោះ និងបានយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះ និងយកសោម៉ូតូចាក់ទៅលើបំពង់កជនរងគ្រោះ បំណងសម្លាប់បំបិទមាត់តែម្តង ។
បន្ទាប់មករូបគេ (ទី) និងឈ្មោះ ផារ៉ូត បានយកទ្រព្យសម្បត្តិនៅជាប់ខ្លួនរបស់ជនរងគ្រោះ និងជិះម៉ូតូរបស់ជនរងគ្រោះ យកទៅលក់នៅទីក្រុងភ្នំពេញ ។ ក្រោយពីប្រព្រឹត្តអំពើឃាតកម្មរួច រូបគេ (ទី) បានគេចខ្លួនមកធ្វើជាកម្មករសំណង់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រមាណ ៤ខែ រួចរូបគេ (ទី) បានគេចទៅលាក់ខ្លួននៅខេត្តសៀមរាប ក្នុងអំឡុងពេលរស់នៅខេត្តសៀមរាប រូបគេ(ទី) បានប្រព្រឹត្តបទល្មើសនៅទីនោះ ហើយបានគេចមកសម្ងំលាក់ខ្លួនមករស់នៅក្រុងប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ៖ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុះរឿងបញ្ជូនជនសង្ស័យ មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ៖ តាមការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យ បានសារភាពថា រូបគេ(ទី) ពិតជាបានប្រព្រឹត្តអំពើឃាតកម្មជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ផារ៉ូត ទៅលើជនរងគ្រោះឈ្មោះ (លី) ពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ ដោយឃាតកម្មខាងលើនេះ ប្រព្រឹត្តនៅខេត្តកណ្តាល លោកបានធ្វើការទំនាក់ទំនងទៅសាលាដំបូងខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីធ្វើការផ្ទៀងផ្ទាត់លើសំណុំរឿង ។
ក្រោមការផ្ទៀងផ្ទាត់សំណុំរឿង ឃើញថាមានភាពសង្វាក់គ្នា និងតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំឯកសារបញ្ជូនសំណុំរឿង និងប្រគល់ជនសង្ស័យទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការ បន្តទៅតាមនីតិវិធី៕
មតិយោបល់