ការនំាចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មទិញទំនិញធំបំផុតទីពីររបស់កម្ពុជា បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០១៧ គឺប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានដកស្រង់ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ មានតម្លៃទឹកប្រាក់ ៣០៦៤លានដុល្លារអាមេរិក បានកើនឡើង ៨.៨៨ភាគរយ ពីចំនួនទឹកប្រាក់ ២៨១៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។
ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រមទាំងប្រភេទទំនិញកាបូបយួរសម្រាប់អ្នកដំណើរជាដើម។
ដោយឡែកការនាំចូលមុខទំនិញនានារបស់កម្ពុជា ពីសហរដ្ឋអាមេរិកវិញមានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក បានកើនឡើង ១១ភាគរយ ពីចំនួនទឹកប្រាក់ ៣៦០លានដុល្លារអាមេរិក។
ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។
សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី ២ សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយកក្នុងរង្វង់ពី ២០ ទៅ៣០ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។
កាលពីឆ្នាំ្មមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់ប្រភេទកាបូបយូរអ្នកដំណើរ ចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជាផ្នែកមួយជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានសន្ទុះកើនឡើង។
សម្រាប់ប្រទេសកម្ពុជា បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អាមេរិក បានលើកឡើងនាពេលកន្លងមកថា សហរដ្ឋអាមេរិកមិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សាស្ថានភាពទាក់ទងពាណិជ្ជកម្មដដែល ព្រោះទំហំពាណិជ្ជកម្ម ដែលកម្ពុជាបាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី ២-៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕
មតិយោបល់