ភ្នំពេញៈ បុរស២នាក់បានជិះម៉ូតូម្នាក់១គ្រឿងក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំង២រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Wave S ពណ៌ក្រហម ពាក់ស្លាកលេខ ស៊េរីចាស់ ភ 4447 ភព1 ជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ និងស្របពេលនោះមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOM ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3506 បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងមកត្បូង(បញ្ច្រាសគ្នា) យ៉ាងលឿន ហើយក៏បានបុកគ្នានៅផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ ជាម្ចាស់ម៉ូតូទាំង២គ្រឿងខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូក៏រងការខូចខាតជាខ្លាំងផងដែរ ។
ក្រោយកើតហេតុភ្លាមៗ រថយន្តសង្គ្រោះរបស់មន្ទីពេទ្យ សុខ លាភ មេត្រី ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំភាគីទាំង២មកដោះស្រាយគ្នាតាមក្រោយ ៕
មតិយោបល់