ព័ត៌មានជាតិ

សាខាកាំកុងត្រូលខេត្តក្រចេះ ចុះពិនិត្យមើលទំនិញខូចគុណភាព និងហូសកាលបរិច្ឆេទប្រើប្រាស់

ក្រចេះ: មន្រ្ដីកាំកុងត្រូលសាខាខេត្តក្រចេះសហកាជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យមើលការដាក់តាំងលក់នូវផលិតផល ចំណីអាហារ នៅក្នុងផ្សារឆ្លូង និងតាមផ្ទះផ្ទះលក់អីវ៉ាន់មួយចំនួនទៀតនៅក្នុងទីរួមស្រុកឆ្លូង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

ការចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារ និងទំនិញដាក់លក់នៅតាមផ្ទះ គឺបានធ្វើឡើងក្រោមការដឹកនាំពីលោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានបញ្ជាក់ថា អាជីវករមួយចំនួន នូវពុំទាន់យល់ដឹងច្បាស់អំពីការទុកដាក់ទំនិញ ឬពិនិត្យទៅលើកាលបរិច្ឆេទ និងទំនិញដែលមានស្ដង់ដាសមស្របទៅតាមការណែនាំរបស់មន្រ្ដីកាំកុងត្រូល ក្នុងការរៀបចំទុកដាក់ និងរក្សាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ និងបានណែនាំដល់អាជីវករលក់ដូរទាំងអស់ឲ្យមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងកាពិនិត្យមើលទៅលើគ្រប់មុខចំណីអាហារ ឬផលិតផលទាំងនោះមុន និងលក់ដូរជូនដល់អ្នកប្រើប្រាស់។

លោកបានលើកឡើងថា ការដែលអាជីវករមិនទាន់យល់ដឹងអំពីផលិតផល ម្ហូបអាហារ ទំនិញខូចគុណភាព និងការដាក់តាំងលក់ដូរ នំចំណី និងផលិតផលមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់ វាអាចបង្កឲ្យមានជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរ។

លោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ក៏បានបញ្ជាក់ដែរថា ជាមួយនិងសកម្មភាពខាងលើនេះ ក៏បានរកឃើញនំចំណីអាហារ និងផលិតផលមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងបានរឹបអូសយកទៅដើម្បីធ្វើការដុតបំផ្លាញចោល លោកបន្តថា ចាប់ពីពេលនេះតទៅបន្ទាប់ពីបានចុះណែនាំ និងអប់រំរួចមក ប្រសិនបើលើកក្រោយរកឃើញថា មានផលិតផល ទំនិញណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវ មន្រ្ដីកាំកុងត្រូលនឹងដកហូតយកទាំងអស់ ហើយនឹងអាចឈានទៅពិន័យថែមទៀត។

ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ទៅលើផលិតផលទំនិញ គ្រប់ប្រភេទដែលបានដាក់លក់ត្រូវពិនិត្យលើស្លាកសញ្ញាឲ្យបានត្រឹមត្រូវ និងមានកាលបរិច្ឆេទច្បាស់លាស់ ចៀសវាងដាក់លក់ទំនិញខូចគុណភាព បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

មតិយោបល់