ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូបង្វឹករូបណា លើកពានជាមួយបេក្ខជន The Voice Cambodia

ភ្នំពេញ: បេក្ខជន-បេក្ខនារី៤នាក់ ដែលបានឈានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះ រួមមានបេក្ខនារី ឈីន រតន: ក្នុងក្រុមលោក ណុប បាយ៉ារិទ្ធិ បេក្ខនារី សាន ស្រីឡៃ ក្នុងក្រុមរបស់អ្នកនាង ពេជ្រ សោភា បេក្ខជន ឃី សុឃុន ក្នុងក្រុមលោក ឆន សុវណ្ណរាជ និងបេក្ខជន ថែល ថៃ ក្នុងក្រុមរបស់ ឱក សុគន្ធកញ្ញា។

បើទោះបីជាមានការលើកឡើងថា ឈីន រតន: និង ថែល ថៃ អាចជាអ្នកលើកពានកម្មវិធី The Voice Cambodia រដូវកាលទី២ ក្តី ប៉ុន្តែងាកទៅកាន់តាមតៀមកាហ្វេ ក៏បានលើកពីមូលហេតុថា កូនក្រុម ឆន សុវណ្ណរាជ បេក្ខជន ឃី សុឃុន អាចនឹងបញ្ចេញសមត្ថភាពមួយមិនគួរឲ្យជឿ នឹងលើកពានកម្មវិធីលំដាប់ពិភពលោកមួយនេះ។

ការលើកឡើងនោះ ដោយអះអាងទៅលើរដូវកាលទី១ ដោយ ឆន សុវណ្ណរាជ បានដុសខាត់ ប៊ុត សីហា ឲ្យក្លាយជាម្ចាស់ពាន The Voice Cambodia ហើយនៅរដូវកាលនេះទៀតសោត គឺ ឆន សុវណ្ណរាជ អាចនឹងដុសខាត់ឲ្យ ឃី សុឃុន បញ្ចេញសមត្ថភាពថ្មីមួយមិនគួរឲ្យជឿ បើទោះបីជាមានការំពឹងច្រើនថា ឱក សុគន្ធកញ្ញា ជាអ្នកលើកពានជាមួយនឹង ថែល ថៃ ក្តី។

ប្រភពខាងលើ ក៏ទទួលស្គាល់ផងដែរថា ឱក សុគន្ធកញ្ញា អាចប្រកួតប្រជែងជាមួយនឹង ឆន សុវណ្ណរាជ លើកពានជាមួយនឹងបេក្ខជនរបស់ខ្លួនបង្ហាត់បង្រៀន។

ប្រភពខាងលើ ក៏បានលើកហេតុផលមួយយក ឃី សុឃុន ដោយធៀបទៅនឹងម្ចាស់ពាន Cambodian Idol នី រតនា ដោយនិយាយថា បើទោះបីជាកម្មវិធីនេះផ្សេងគ្នាមែនពិត ប៉ុន្តែកាលនោះ នី រតនា បិះនឹងធ្លាក់ម្តងជាពីរដង ដោយវគ្គប្រកាសលទ្ធផលសប្តាហ៍ទី៦ ដោយនៅសល់បេក្ខជន៦នាក់ តែអកុសល នី រតនា នៅរងចាំអ៊ុតលទ្ធផលចុងក្រោយជាមួយនឹង មាស មុន្នីរាជ ហើយក៏អាចឡើងទៅកាន់វគ្គ៥នាក់ចុងក្រោយ។ នៅសប្តាហ៍បន្ត នី រតនា ក៏ជួបរឿងដដែលៗ តែរឿងនឹកស្មានមិនដល់ គឺ រតនា ធ្វើបានល្អមែនទែន នៅសប្តាហ៍បន្ទាប់ៗ ដោយអាចលើកពានមួយនេះបានសម្រេច ទោះបីជាមានភាពចម្រូងចម្រាស់ពីទស្សនិកជនក្តី។

ចំណែក បេក្ខជន ឃី សុឃុន មានវាសនាដូចទៅនឹង នី រតនាដែរ ដោយ ឱក សុគន្ធកញ្ញា សម្រេចយក រ៉េត ស៊ូហ្សាណា តែ ឃី សុឃុន ត្រូវបានគ្រូបង្វឹក៣រូប Steal យក តែទីបំផុតបេក្ខជនរូបនេះ ជ្រើសរើសយក ឆន សុវណ្ណរាជ ដោយសង្ឈឹមថា គ្រូបង្វឹកនេះ អាចនឹងធ្វើឲ្យខ្លួនលើកពានដូចទៅនឹង ប៊ុត សីហា ផងដែរ៕

ចុះប្រិយមិត្តវិញ គិតថា គ្រូបង្វឹកណាលើកពានជាមួយនឹងបេក្ខជនខ្លួននោះ?

មតិយោបល់