ព័ត៌មានជាតិ

រថយន្តបត់ចូលចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ត្រូវម៉ូតូបុកពីក្រោយ ឈ្លោះគ្នាផ្អើល!

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងដែលបើកបត់ស្តាំ ចូលចាក់បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទន:កាល់តិច តាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ និងកូនតូចម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក គាម៉ូនីង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO-1803 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បានស៉ីញ៉ូបត់ស្តាំបម្រុងចូលចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ទន: ខណ:ដែលបត់ជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FT-8088 ដែលបើកបរបុរសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ស្តាំទៅផ្លូវ២៧១ រួចក៏ជ្រុលទៅរថយន្តចំពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតទ្វារផ្នែកខាងស្តាំបន្តិចបន្តួច ។ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមានអ្នកទទួលរងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង២បានប្រកែកយកខុសយកត្រូវតឹងសសៃ.ករាងៗខ្លួន លុះបានមួយស្ទុះក្រោយមកដោយភាគីខាងម៉ូតូមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន៥០ដុល្លារទៅឲ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់