ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវ ឈានដល់ការកំណត់ម៉ោងពេលធ្វើសកម្មភាព កម្លាំងជំនាញខណ្ឌ ព្រមទាំងបណ្តាប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្នុងទីតាំងលបលួចបើកលេងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ឃាត់ខ្លួនជនសង្ស័យ៣នាក់។
នគរបាលឲ្យដឹងថាកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលបានបង្ក្រាបព្រមៗគ្នាក្នុងពេលតែមួយចំនួន២ទីតាំងផ្សេងៗគ្នា នៅចំណុចសំណង់មិនរៀបរយជួរមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ក្នុងនោះចំពោះតំបន់សំណង់មិនរៀបរយខាងលើ កន្លងមកត្រូវបានអធិការដ្ឋានស្រាវជ្រាវឃើញ នឹងបើកការបង្ក្រាបជាបន្តបន្ទាប់ តែសមាសភាពទាំងនេះ នៅតែបន្តភាពអសកម្មដោយផ្អាកសកម្មភាពលេងពេលថ្ងៃ បង្វេរមកលបលួចបើកលេងពេលយប់វិញ ប៉ុន្តែជាវិធានការជំនាញ សមត្ថកិច្ចយើងបានធ្វើការកំណត់ នឹងត្រួតពិនិត្យជាប់ជាប្រចាំចំពោះទីតាំងដែលធ្លាប់បានបង្ក្រាបកន្លងមក ករណីដែលមានសកម្មភាពនគរបាលនឹងបើកការបង្ក្រាបភ្លាមៗតែម្តង ។
ជាលទ្ធផលក្នុងរង្វង់កិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖
១.ឈ្មោះ សៅ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ (ជួញដូរ និងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។
២.ឈ្មោះ អេង ណា ភេទប្រុស អាយុ ១៥ឆ្នាំ (ប្រើប្រាស់ និងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។
៣.ឈ្មោះ ចាន់ ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ (ប្រើប្រាស់ និងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។
ចំពោះវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំល្មម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់