ព័ត៌មានជាតិ

ស្រ្តីម្នាក់យកខោអាវទៅហាល នៅសំយ៉ាបផ្ទះ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេច

កណ្ដាល: ស្រី្តម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងសំយ៉ាបផ្ទះរបស់ខ្លួន បន្ទាប់ពីស្រ្តីរូបនោះ បោកខោអាវ រួចយកទៅហាលនៅស្នូជាប់សំយ៉ាបផ្ទះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិខាងជើងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មាច សៅ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិខាងត្បូងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានមកលេងផ្ទះឈ្មោះម៉ាង កៀម ភេទប្រុស នៅភូមិខាងជើងឃុំអន្លង់រមៀតជាអ្នករាប់អានគ្នា លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានបោកខោអាវរួចហើយ ក៏យកខោអាវទៅហាលនៅស្នួ នៅក្រោយផ្ទះដែល តជាប់សំយ៉ាបផ្ទះខាងក្រោយ ហើយក៏ឆក់ខ្សែភ្លើងស្លាប់តែម្តង។

កម្លាំងជំនាញ ប៉ុស្តិ៍ហើយនិងក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យទៅលើសព មានស្នាមដាច់រលាត់ នៅលើដៃម្រាមចង្អុលខាងឆ្វេង និងខ្នងជើងខាងឆ្វេង គឺស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។ ផ្នែកជំនាញបានប្រគល់សពជូនទៅ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់