ភ្នំពេញៈ បុរសម្នាក់ដឹងតែខ្លួនស្រវឹងហើយ នៅតែខំជិះម៉ូតូទាំងស្រវឹងស្រាជោកជាំ ដើម្បីទៅទិញស្រាមកផឹកបន្ដទៀត ប៉ុន្ដែនៅពេលទិញបានហើយជិះម៉ូតូត្រឡប់មកវិញ បានបុកអ្នកដំណើរដោយថ្មើរជើងម្នាក់ បណ្តាលឲ្យរងបួសបាក់ជើងម្ខាងសន្លប់ដេកផ្កាប់មុខ។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩ និង ៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងចូលវត្តព្រៃស្ពឺ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វ៉េត វ៉ូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រផលិតជី ស្នាក់នៅផ្ទះជួលភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងព្រះទី១ ឃុំព្រៃខ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ជនបង្កជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI6223 បើកបរទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹង។
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្បែរនោះបាននិយាយថា នៅមុនពេលកើតហេតុគាត់ឃើញជនរងគ្រោះដើរតាមបណ្តោយផ្លូវបេតុងចូលផ្លូវវត្តព្រៃស្ពឺ ក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកស្រាប់តែមានម៉ូតូបង្កខាងលើ បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោក ហើយទើបនឹងទិញស្រាបៀរដឹកនៅលើម៉ូតូផងដែរ បានបើកក្នុងទិសដៅស្របទិសគ្នា ហើយបានបុកជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យដួលធ្លាក់ផ្លូវបេតុងបាក់ជើងខាងឆ្វេងម្ខាង ដេកផ្កាប់មុខសន្លប់ស្តូកស្ដឹង។ ចំណែកម៉ូតូបង្កក៏បានដួលធ្លាក់ផ្លូវដែរ ដោយធ្លាក់ស្រាបៀរបែកខ្ចាយពេញផ្លូវដួលអូសប្រមាណជាង ២០ ម៉ែត្រ បណ្តាលឲ្យបែកមុខបែកមាត់របួសស្រាលផងដែរ។
ក្រោយពេលកើតហេតុដោយសារជនរងគ្រោះរងរបួសធ្ងន់ដោយមិនអាចនិយាយគ្នានៅនឹងកន្លែងកើតទើបរង់ចាំខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកមកវាស់វែងនិងយកសម្ភារៈយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/xo0d6BBmS7w
មតិយោបល់