ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័របុករថយន្ត FUSO ដឹកកុងតឺន័រ ខ្ទាតទៅបុកម៉ូតូមួយតង់ទៀត បណ្តាលឲ្យមានមនុស្សរងរបួស៣នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្សារចិន ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅមុនពេលកើតហេតុ មានរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AO-4479 អ្នកបើកបរឈ្មោះ ពៅ វាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បានបើកចេញពីក្នុងផ្សារចិន ឆ្លងកាត់ផ្លូវសំដៅទៅផ្សារលើ ស្របពេលនោះក៏មានរថយន្តFUSO ដឹកកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ3A-0933 (អ្នកបើករថយន្តដឹកកុងតឺន័រឈ្មោះ សាយ ធា ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ) បើកឡើងពីតំបន់អូរ១ បានមកដល់ ធ្វើឲ្យអ្នកបើករថយន្តហាយឡែនឌ័រ វ៉ាក់អឺជាន់ហ្រ្វាំង ច្រឡំជាន់ហ្គែរ បានជ្រុលទៅបុកចំពាក់កណ្តាលរ៉ឺម៉កដឹកកុងតឺន័រ ពេញទំហឹង ក៏ខ្ទាតទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1F-2740 បើកបរដោយឈ្មោះ អ៊ូ ចាន់តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងអ្នករួមដំណើរ២នាក់ ឈ្មោះ ហ៊ុន បូរ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កាស៊ីណូ និងក្មេងប្រុសម្នាក់ឈ្មោះ អ៊ូរ សីហា អាយុ៤ឆ្នាំ។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិកបាយ័ន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើហេតុ ធ្វើការវាស់វែងនិងនាំយករថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់