ភ្នំពេញៈ ស្រ្តី២នាក់បងប្អូនបង្កើត ត្រូវបានគ្រូចិនសែរួមជាមួយប្រពន្ធនិងប្អូនស្រីជំពាក់លុយជាង៣ម៉ឺនដុល្លារ អត់សងហើយថែមទាំងបានគេចខ្លួនទៅបាត់ទៀត។ ទើបពួកនាងធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដាក់ពាក្យប្ដឹងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏។
ស្រ្តីជាម្ចាស់បំណុលទាំង២នាក់បងប្អូននោះម្នាក់ឈ្មោះ លី ហុកជាង និងម្នាក់ទៀតឈ្មោះ លី ដាវី ជាអាជីវករលក់ដូរនៅក្នុងផ្សារជម្ពូវ័ន និងមានទីលំនៅក្នុងភូមិប្រសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នៅក្នុងពាក្យបណ្ដឹងពួកនាងបានប្ដឹងពីឈ្មោះសែម ប៊ុណ្ណា ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរគ្រូចិនសែ និងលក់ដូរ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។និងមានស្រុកកំណើតនៅក្នុងឃុំស្ទឹងត្រែ ស្រុកស្ទឹងត្រែ ខេត្តស្ទឹងត្រែង ។ប្រពន្ធឈ្មោះស្រ៊ុន ស៊ុន អាយុ៤៣ឆ្នាំ មុខរបរអាជីវករលក់ដូរ មានស្រុកកំណើតនៅក្នុងភូមិប្រស់ ឃុំរអោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
និងបងស្រីឈ្មោះ សែម ផល្លី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។និងមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនទាំង៣នាក់ខាងលើនោះបានខ្ចីចងការប្រាក់ពីស្រ្តីទាំង២នាក់បងប្អូននោះសរុបចំនួន៣,៤៥០០ដុល្លារ ។ ក្នុងនោះខ្ចីពីឈ្មោះ លី ហុកជាង ចំនួន២០,០០០ដុល្លារ និងខ្ចីពីឈ្មោះលី ដាវី ចំនួន១៤,៥០០ដុល្លារ ដោយកន្លងមកបានបង់រំលស់ទាំងការទាំងដើមរហូត ប៉ុន្តែចុងក្រោយអត់សងហើយនាំគ្នាវេចបង្វិចរត់គេចខ្លួនបាត់អស់ ទើបពួកគាត់បានមកដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏តែម្ដង៕
https://youtu.be/3ZsQvEo-g6M
មតិយោបល់