ព័ត៌មានជាតិ

បុរសចាំចំការឲ្យគេម្នាក់ ជិះម៉ូតូត្រូវរថយន្ត បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង ៦និង៣០នាទីល្ងាច នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រ ៥២–៥៣ត្រង់ចំណុចខាងលិចវត្តរវៀង ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger បុកម៉ូតូដែលបើកបរច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ១នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា រថយន្តបង្កមានម៉ាក Ford Ranger ពណ៌ស ស៊េរី2022 ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1871 ធ្វើចរាចរណ៍ពីកើតទៅលិច (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់។

លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាក Viva110 ពណ៌ខ្មៅ ,ស៊េរីចាស់ ធ្វើចរាចរណ៍ពីលិចទៅកើតបើកបរដោយឈ្មោះ យ៉ាន ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅហ្នឹងកន្លែង) ដោយមកចាំចម្ការឲ្យគេស្នាក់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តារថយន្តបើកមិនប្រកាន់ស្តាំ។ ចំពោះរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកចាប់ឃាត់ខ្លួនជនបង្កហេតុខាងលើ យកមកផ្តន្ទាទោសទៅតាមនីតិវិធី៕

មតិយោបល់