ភ្នំពេញៈ ស្រ្តីវ័យក្មេងអាយុជាង២០ឆ្នាំម្នាក់កំពុងសម្រាក ត្រូវបុរសម្នាក់ជាកម្មករសំណង់ស្នាក់នៅក្បែរខាងគ្នារំលោភសេពសន្ទវៈរហូតបានសម្រេច ហើយគំរាមសម្លាប់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួចរត់គេចខ្លួនបាត់មួយយប់។
ក្រោយពីស្រ្តីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ទើបប្រទះឃើញមុខជនសង្ស័យ ទើបសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបានយកមកចាត់ការទៅតាមផ្លូវច្បាប់។
ជនសង្ស័យមានឈ្មោះ ម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធនិងកូនម្នាក់រួចទៅហើយ ។ ចំណែកជនរងគ្រោះអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ តែសម្រាកមាតុភាពកូនខ្ចី(កូនប្រុស) ទើបបាន៩ខែ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើតខេត្តពោធិ៍សាត់។
តាមការរៀបរាប់ ពីនារីដែលជាជនរងគ្រោះបានឲ្យដឹងថា ជនល្មោភកាមខាងលើ ធ្លាប់ស្គាល់គ្នាជាមួយប្តីរបស់នាង ធ្លាប់ទាំងចេញចូលផ្ទះជួលរបស់នាងទៀតតាមរយៈបងប្រុសរបស់នាងម្នាក់ទៀត ហើយកាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ ជនសង្ស័យបានដើរកាត់មុខបន្ទប់ រួចវិលត្រឡប់មកវិញរុញទ្វារបន្ទប់ផ្ទះរបស់នាងចូល អាងតែមនុស្សធ្លាប់ស្គាល់គ្នាក៏មិនថាអ្វីដែរ រួចជនសង្ស័យប្រើល្បិចយកលេស សុំទឹកហូប រួចសុំបន្ទប់ទឹកដើម្បីចូលងូតទឹកដើម្បីជម្រះកាយ រួចហើយ មិនទៅណានោះទេ បន្តនៅអង្គុយនិយាយលេង ខណៈដែលនាងកំពុងដេកសម្រាកបំពេរកូននៅលើអង្រឹង ខណៈដែលប្តីរបស់នាងមិននៅផ្ទះជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ ស្រាប់តែភ្លេចខ្លួន មិនចាប់អារម្មណ៍មិននឹកស្មានដល់ ស្រាប់តែជនសង្ស័យខាងលើហូតទាញពូថៅចេញពីចង្កេះមកភ្ជង់គំរាមហាមស្រែក គំរាមសម្លាប់ទាំងម្តាយទាំងកូន រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។
ស្រ្តីរងគ្រោះបន្តទៀតថា ដោយទង្វើសកម្មភាពរបស់ជនសង្ស័យ ប្រើប្រាស់ពូថៅ កាន់នឹងដៃគំរាមសម្លាប់បង្កឲ្យភ័យខ្លាច ទើបមិនហ៊ានស្រែក លុះជនសង្ស័យប្រព្រឹត្តបានសម្រេចហើយ គំរាមសម្លាប់សារជាថ្មី កាលបើហ៊ានប្រាប់ប្តី ប្តឹងប៉ូលិស ហើយជនសង្ស័យដើរចាកចេញទៅបាត់ ស្រមោលតែម្តង។
ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបណ្តឹងរបស់ស្រ្តីរងគ្រោះ និងផ្អែកទៅលើចម្លើយសារភាព ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ១ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់