ភ្នំពេញៈ ខណៈជនជាប់ចោទ គឺលោក រតនៈ វិបុល ហៅយ៉ុងយេ ត្រូវបានតុលាការចាប់ឃុំខ្លួនពីបទជេរប្រមាថ និងគំរាមសម្លាប់អ្នកនាង ម៉ៅ សុចាន់ធី នោះ ពេលនេះ រូបលោកត្រូវបានបញ្ជូនបន្តទៅកាន់ព្រះរាជអាជ្ញាខេត្តបាត់ដំបងហើយ ដើម្បីធ្វើតាមនិតិវិធីបន្ត។
យ៉ាងណាមិញ ក្នុងពេលរឿងក្ដីកាន់តែឈានដល់ចំណុចក្ដៅចុងច្រមុះ អ្នកនាង ម៉ៅ សុចាន់ធី បែរជាសុខចិត្តបញ្ចប់រឿងនៅក្រៅប្រព័ន្ធតុលាការធ្វើឲ្យមានការចាប់អារម្មណ៍ទៅវិញ។
ប្រភពពីខេត្តបាត់ដំបងបានអះអាងថា លោក រតនៈ វិបុល បានទទូចសុំឲ្យអ្នកនាងធ្វើការទម្លាក់ចោលនូវពាក្យបណ្ដឹង ដោយលោកសុខចិត្តទទួលធ្វើការសុំទោសគ្រប់យ៉ាងទៅលើអ្នកនាងម៉ៅ សុចាន់ធី ដើម្បីកុំឲ្យរឿងនោះឈានទៅកាត់ទោសដោយប្រព័ន្ធតុលាការ។ មិនខុសពីការទម្លាយចេញ គេឃើញនៅលើគណនេយ្យផ្លូវការរបស់លោក រតនៈ វិបុល ក៏បានបង្ហោះឡើងនៅវីដេអូឃ្លីបសុំទោសផងដែរ ដើម្បីជាការលួងចិត្តឲ្យអ្នកនាង ម៉ៅ សុចាន់ធី ឈប់ប្ដឹង។
មន្ត្រីតុលាការក៏បានទម្លាយថា ភាគីតុលាការបានធ្វើការសម្រុះសម្រួល ដើម្បីឲ្យអ្នកនាង ម៉ៅ សុចាន់ធី ផងដែរ មុននឹងធ្វើការសម្រេចថាត្រូវបន្តនិតិវិធី។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាងម៉ៅ សុចាន់ធី បានឆ្លើយប្រាប់ Postnews ថា ខ្លួនពិតជាបានទទួលយកការសុំទោស និងយល់ព្រមតម្កល់ពាក្យបណ្ដឹងដោយមិនឲ្យចាត់ការមែននៅរសៀលថ្ងៃទី១៧ មិថុនានេះ បន្ទាប់ពីខាងតុលាការធ្វើការសម្រុះសម្រួល និងមើលឃើញថា លោករតនៈ វិបុល មានឪពុកម្ដាយចាស់ និងមានជីវភាពមិនអាចប្រឈមការប្ដឹងផ្ដល់របស់ខ្លួនបាន។ អ្នកនាងនិយាយថា «ក្រោយពីគាត់បង្ហោះវីដេអូសុំទោស ហើយមានការអង្វរករពីមនុស្សមួយចំនួន ខ្ញុំគិតថាឈប់ប្ដឹងម្នាក់នឹងទៀត ប៉ុន្តែមិនមែនខ្ញុំដកពាក្យបណ្ដឹងទេ គឺគ្រាន់តែយល់ព្រមមិនឲ្យតុលាការចាត់ការលើបណ្ដឹងនឹងជាបណ្ដោះអាសន្នតែប៉ុណ្ណោះ!»។
អ្នកនាងបញ្ជាក់ថា លោក រតនៈ វិបុល នៅតែប្រឈមផ្លូវច្បាប់ ដោយសារតែពាក្យបណ្ដឹងរបស់អ្នកនាងថ្វីដ្បិតតែមិនបានចាត់ការពេលនេះ ប៉ុន្តែក៏បានតម្កល់ទុកនៅតុលាការខេត្តបាត់ដំបង ដែលអាចស៊ើរើទៅថ្ងៃក្រោយបាន។ ផ្អែកតាមការបញ្ជាក់នេះ គឺមានន័យថា បណ្ដឹងរបស់អ្នកនាង ប្ដឹងចោទលោករតនៈ តារា បានសម្រេចដោះស្រាយគ្នានៅក្រៅប្រព័ន្ធតុលាការហើយ ដោយអ្នកនាងម៉ៅ សុចាន់ធី បញ្ជាក់ថា ជំហរប្រែប្រួលរបស់លោកគឺដើម្បីទុកពេលឲ្យបុគ្គលម្នាក់ដែលបានដឹងកំហុសមានឱកាសម្ដងទៀត៕









មតិយោបល់