ព័ត៌មានសេដ្ឋកិច្ច

កម្ពុជាមានផែនការគៀងគរ អ្នកវិនិយោគគិនមកពី៨០ប្រទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញៈ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យអ្នកវិនិយោគគិន និង ពាណិជ្ជករ ពីបណ្តាប្រទេសចំនួន៨០ មកបើកដំណើរការក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

សំណើនេះត្រូវបានធ្វើឡើង ក្រោយពេលដែលគណៈប្រតិភូកម្ពុជា បានធ្វើការផ្សព្វផ្សាយ អំពីផលិតផលប្រទេសកម្ពុជា និងសក្តានុពលវិនិយោគកម្ពុជាទៅកាន់ភាគីចិន និងប្រទេសដដៃទៀត នៅក្នុងពិធីប្រកាសបើកពិព័រណ៌ពាណិជ្ជកម្មនាំចេញនាំចូល គុនមិញលើកទី២៤ និងពិព័រណ៌ពាណិជ្ជកម្ម​ចិន-អាស៊ីខាងត្បូងលើកទី៤ ដែលបានប្រព្រឹត្តិទៅ ចាប់ថ្ងៃទី១២-១៧ខែ មិថុនា ឆ្នាំ២០១៦ នៅក្នុងទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន។

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចពិសេស​នៃព្រះរាជាណាចក្រកម្ពុជា និង លោក ឈួន តារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាង​ដ៏ខ្ពង់ខ្ពស់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង គណៈប្រតិភូអមដំណើរ បានចូលរួមព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ។

នៅក្នុងឱកាសនោះ លោក ហោ ណាំហុង និង លោក ឈួន ដារ៉ា ក៏បានជម្រុញ និងផ្សព្វផ្សាយ​ផលិតផលកម្ពុជា និងសក្តានុពលវិនិយោគកម្ពុជា ទៅកាន់ភាគីចិន និងស្នើដល់អ្នកវិនិយោគគិន និង ពាណិជ្ជករចិន ព្រមទាំងបណ្តាប្រទេសចូលរួមទាំងអស់ ឲ្យមកបើកដំណើរការក្រុមហ៊ុនអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការស្វែងរកដៃគួរពាណិជ្ជកម្ម និងធ្វើវិនិយោគរួមគ្នាផងដែរ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង កម្ពុជា-ចិន និងបណ្តាប្រទេសដែលបានចូលរួមផ្សេងៗទៀតឲ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនទៅមុខ។

សូមបញ្ជាក់ថា ពិព័រណ៌ខាងលើនេះ មានប្រទេសចួលរួម៨០ប្រទេស ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប អាមេរិក និងតំបន់ផ្សេងៗទៀត។ ក្នុងនោះមានស្តង់ពាណិជ្ជកម្មទាំងអស់ចំនួន ៨០០០ស្តង់ ហើយប្រទេសកម្ពុជា បានសាងសងស្តង់ពន្លាជាតិមួយ ដោយដឹកនាំពាណិជ្ជករចូលរួមចំនួន៤០ស្តង់ និងមានសិល្បករ សិល្បការីនីកម្ពុជា ទៅសម្តែងសិល្បៈ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងរបាំបុរាណខ្មែរ ជួនភ្ញៀវទស្សនាជារៀងរាល់ថ្ងៃ៕

មតិយោបល់