ភ្នំពេញៈ បុរសម្នាក់បានត្រឹមតែកាន់លិខិតទិញលក់ម៉ូតូមកប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាឲ្យជួយអន្តរាគមន៍ ក្រោយពីរូបគាត់ចាញ់បោកជនមិនស្គាល់មុខលួងលោមយកម៉ូតូទៅបញ្ចាំបានលុយនាំគ្នាគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៨និង៣៥នាទីព្រឹកនៅ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ឈួន ខ្នា អាយុ២៨ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឡុកវាយ ឃុំក្រសាំង ស្រុកល្វាហែក ខេត្តស្វាយរៀង។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីLet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GE6307 ដោយឌុបប្រពន្ធចេញពីបន្ទប់ជួលទៅធ្វើតេស្តនៅរោងចក្រក្បែរកន្លែងកើតហេតុ។ ក្រោយមកខ្លួនក៏ជិះម៉ូតូទៅផឹកកាហ្វេនិងលេងបុកបៀយែ ពេលនោះក៏មនុស្សមួយក្រុមមានគ្នា៣ទៅ៤នាក់បានមកលេងបុកបៀយែជាមួយគាត់ដែរលេងបានរយៈពេល១ម៉ោង ក្រុមទាំងនោះបានបបួលខ្លួន(ជនរងគ្រោះ)ទៅហូបបាយផឹកទឹកគោជុលដោយពួកគេ(ជនសង្ស័យ)ជាអ្នកចេញលុយទាំអស់ក្រោយពួកគេក៏សុំខ្ចីសោម៉ូតូពីជនរងគ្រោះជិះសំដៅទៅកោះពេជ្រក្នុងបំណងយកម៉ូតូទៅបញ្ចាំចំនួន២ដោយ១គ្រឿងជារបស់រងគ្រោះនិងទៀតជារបស់ក្រុមជនសង្ស័យ ហើយពួកគេបានប្រាប់ជនរងគ្រោះចាំពេលបញ្ចាំម៉ូតូបានហើយចាំចែកលុយគ្នាចាយដោយឲ្យជនរងគ្រោះច្រើនជាងគេ។
ហើយក្រុមជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះថាចាំជួយរកការងារឲ្យធ្វើនៅកន្លែងបើកឡាន។ ព្រោះតែលឺពាក្យទាំងនេះហើយទើបជនរងគ្រោះទុកចិត្តក៏ឲ្យម៉ូតូខ្លួនទៅពួកគេដោយឲ្យខ្លួនជិះម៉ូតូឌុបតាមពីក្រោយលុះទីដល់កោះពេជ្រក្រុមជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយមកទើបដឹងខ្លួនថាចាញ់បោកគេក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
មតិយោបល់