ព័ត៌មានជាតិ

ឆេះរថយន្តដឹកអូសាវែល ក្នុងរោងចក្របោកគក់ស៊ីសឃ្វែរ ផ្អើលកម្មកររត់ចែកជើងគ្នា!

ភ្នំពេញៈ រថយន្តដឹកអូសាវែលមួយគ្រឿង ត្រូវបានអគ្គិភ័យ ឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បន្ទាប់មកនៅសល់តែគ្រោងឆ្អឹងរថយន្តនៅក្នុងរោងចក្រ បោកគត់ស៊ីសឃ្វែរ បណ្តាលផ្អើលដល់កម្មករ រត់ចេញចែកជើងគ្នា។
ទោះបីជាយ៉ាងណា ភ្លើងមិនឆេះរាល់ដាលដល់ទីតាំងសម្ភារៈផ្សេងទៀតនៅក្នុងរោងចក្រឡើយ។

ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងទីតាំងរោងចក្របោកគក់ស៊ីសឃ្វែរ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ត្រង់ស្ពាន លេខ៣ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវភ្លើងឆេះនោះ មិនត្រូវគេស្គាល់ម៉ាកនិងស្លាកលេខឡើយ ត្រូវបានប្រភពឲ្យដឹងថាគឺជារថយន្តដឹកអូរសាវែលជាច្រើនធុង ពេញរថយន្ត ហើយត្រូវបានភ្លើងឆេះរងការខូចខាតទាំងស្រុង។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកធុង អូសាវែល ពេញរថយន្ត ហើយយកទៅចតទុកចោល នៅក្បែររបងផ្នែកខាងក្រោយរោងចក្រ ត្រង់កន្លែងបោកគក់ក្បែរឡកំដៅ និងកង្ហាបញ្ចេញកំដៅស្រាប់តែភ្លើងបានឆាបឆេះអូសាវែលក្លាយជាអគ្គិភ័យឆាបឆេះតែម្តង។

តាមព័ត៌មានឲ្យដឹងទៀតថា នៅពេលដែលកើតមានអគ្គិភ័យ ជាតិអូសាវែល បានសាយភាយធំក្លិនផ្អើលកម្មករ កម្មការិនី រត់ចេញជើងគ្នាចេញមកក្រៅ។ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅអន្តរាគមន៍ បាញ់អស់ចំនួន៣គ្រឿង ទើបរលត់ពុំបណ្តាលឲ្យឆេះរាល់ដាលដល់រោងចក្រឡើយ ហើយក៏មិនបណ្តាលឲ្យមនុស្សរងរបួសដែរ។

ទោះជាយ៉ាងណាករណីអគ្គិភ័យខាងលើមិនត្រូវបានគេដឹងថាបណ្តាលមកពីអ្វីឲ្យប្រាកដនោះទេដោយសមត្ថកិច្ចកំពុងធ្វើការ៕

មតិយោបល់