ភ្នំពេញៈ បុរសម្នាក់បានរត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ដែលកំពុងដាក់គោលដៅត្រួតពិនិត្យម៉ូតូអត់មួក កញ្ចក់ និងស្លាកលេខ ឲ្យជួយអន្តរាគមន៏ដោយបានចោទប្រកាន់ទៅលើមិត្តភក្ដិរបស់ខ្លួនម្នាក់ទៀតថាបានធ្វើសកម្មភាពដេញវាយ បន្ទាប់ពីមានទំនាស់គ្នាបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះកម្លាំងនគរបាលប៉ុស្ថិ៍ចោមចៅ២ បានផ្ដល់ព័ត៌មានបន្តទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីសហការគ្នាចុះទៅចាប់ខ្លួនជនដៃដល់ ប៉ុន្តែពេលចុះទៅដល់មិនបានឃើញជនសង្ស័យនោះឡើយ ដោយជននោះគេចខ្លួនបាត់ស្រមោល។
បុរសរងគ្រោះបាននិយាយខ្លួនឈ្មោះ គង់ ថារ៉ូ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិខាងលើ ហើយខ្លួននិងជនសង្ស័យគឺជាមិត្តភក្ដិនិងគ្នាយូរមកហើយ នៅមុនពេលកើតហេតុបានមានទំនាស់គ្នាបន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែជននោះបានទាញដំបងដែលវាយមកលើខ្លួនបណ្ដាលឲ្យត្រូវចំក្បាល ។ ប៉ុន្តែខណៈនោះសំណាងល្អដែលខ្លួនពាក់មួកសុវត្ថិភាពទើបគ្រាន់តែបែកមួកមិនបណ្ដាលឲ្យបែកក្បាលឡើយ ហើយដោយសារតែមិនអាចតដៃជាមួយជននោះបានទើបរត់រកឲ្យប៉ូលិសជួយអន្តរាគមន៍តែម្ដង៕
មតិយោបល់