ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្មេងទំនើងមួយក្រុមដេញកាប់ និងវាយដោយដុំថ្ម ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យជួយសង្គ្រោះ។
ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អន វិសាល អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីអ្នករត់ម៉ូតូឌុបដែលឃើញហេតុការណ៍បានប្រាប់ថា មុនកើតហេតុ ខណៈគាត់អង្គុយចាំដឹកម៉ូយ ស្រាប់តែឃើញបុរសខាងលើរត់មកពីទិសខាងកើតដោយមានឈាមប្រឡាក់ពេញខ្លួន ហើយមានក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ក្នុងដៃមានដាវ និងដុំថ្មបើកដេញពីក្រោយផង ពេលមកដល់ចំណុចខាងលើបានព្រួតគ្នាកាប់ និងវាយទៅលើបុរសខាងលើដេកដួលក្នុងថ្លុកឈាម ហើយក្រុមខាងលើបានជិះម៉ូតូគេចអស់។
ក្រោយហេតុការណ៍ឡើងទើបប្រជាពលរដ្ឋក្បែរនោះចេញមកមើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ និងបានហៅរថយន្តសង្គ្រោះមកដឹកបុរសខាងលើយកទៅសង្ក្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕
មតិយោបល់