ភ្នំពេញៈ ដោយមើលឃើញពីសក្កដានុពលដ៏មហាសាលលើវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា មានភាពរីកលូតលាស់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងការមានការរីកចម្រើនខ្លាំងនាពេលខាងមុខក្រុមហ៊ុន EUROPCAR បានសហការជាមួយ ក្រុមហ៊ុនរថយន្ត ទំនើបៗមកពីពីអឺរ៉ុប ផ្តល់សេវាកម្មជួលរថយន្ត ស៊េរីទំនើបៗ ខ្នាតអន្តរជាតិ ដល់ភ្ញៀវទេសចរណ៍ដែលមកលំហែរកំសាន្តនៅកម្ពុជា។
លោក Konstantinos Vardakis នាយកគ្រប់គ្រងក្រុមហ៊ុន EUROPCAR ប្រចាំកម្ពុជាបានលើកឡើង ក្នុងពិធីសម្ភោធ ដាក់ឲ្យដំណើរ ក្រុមហ៊ុនកាលពី រាត្រីថ្ងៃទី១៧ខែមិថុនានេះថា ក្រុមហ៊ុន EUROPCAR កម្ពុជា មានរថយន្ត សម្រាប់ជួលដឹកភ្ញៀវទេសចរណ៍ ដែលមកទស្សនានៅកម្ពុជាយ៉ាងថ្មីទំនើបៗ ដូចជាម៉ាក ហ៊ីយ៉ាន់ដាយ និងវ៉ុលវើជាដើម ហើយក្រុមក៏នឹងសហការជាមួយក្រុមហ៊ុនរថយន្តទំនើបៗដទៃទៀត ដើម្បីបម្រើសេវាកម្មនេះដោយផ្តោតសំខាន់លើវិស័យទេចរណ៍នៅទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា “EUROPCAR ជួលរថយន្តដែលជាស៊េរីថ្មីៗម៉ាកទំនើប ហើយរថយន្តមានគុណភាព។ ការដាក់សេវាជួលនេះ យើងខ្ញុំក៏បានធ្វើការ សហការជាមួយ រដ្ឋាភិបាលខ្មែររួចហើយ។ ជាងនេះយើងខ្ញុំយល់ឃើញថា វិស័យទេសចរណ៍មានភាពរីកចម្រើនគូរកត់សម្គាល់”។
លោកនាយកគ្រប់គ្រងរូបនេះ មិនបានឲ្យដឹងពី ការបោះទុនប៉ុន្មាន សម្រាប់បង្កើត ក្រុមហ៊ុននោះទេ ប៉ុន្តែលោកថាលោក នឹងបើកដំណើរ ឲ្យដូចប្រទេសកំណើត របស់លោកគឺប្រទេសក្រិច មានចំនួន ១៥០០ស្ថានីយ៍ ១៥០០០រថយន្ត សម្រាប់ជួលនិងដឹកភ្ញៀវ ។ សម្រាប់កម្ពុជា ជាសាខាទី១៤១ ហើយដែលក្រុមហ៊ុន EUROPCARចាប់ផ្តើមដំណើរ សេវានេះខណៈក្រុមហ៊ុន បានដាក់ដំណើរការសេវនេះស្ទើរពាសពេញពិភពលោក។
លោកបញ្ជាក់ថា EUROPCARនៅទីនេះ គឺយើងចង់បើកទ្វារកម្ពុជា ដែលជាប្រទេសតំបន់ អាស៊ីអាគ្នេយ៍មួយ ឲ្យឆ្ពោះទៅកាន់ប្រទេសអ៊ឺរ៉ុប។ ហើយ EUROPCAR គឺជាក្រុមហ៊ុនមួយដឹកភ្ញៀវបែប VIP មានគុណភាពខ្ពស់ តាមតម្រូវការរបស់ភ្ញៀវ ទេសចរណ៍ចង់បាន។ទីនេះគឺជាទ្វារមួយ សម្រាប់ភ្ញៀវទេសចរណ៍ អ៊ឺរ៉ុបផងដែរ។
លោកបន្ថែមថា ក្រុមហ៊ុនលោកនឹងផ្តល់ជូន រថយន្តបែបស៊េរីថ្មីៗទាំងអស់ តាមតម្រូវការរបស់អតិថិជន ទាំងរថយន្តបែបលក្ខណៈគ្រួសារ និងប្រភេទរថយន្តទំហំផ្សេងៗទៀត ព្រោះថាមានក្រុមហ៊ុន រថយន្តទំនើបៗ ជាច្រើបានមកសហការ ជាមួយ EUROPCAR ។ កត្តាដែលEUROPCAR បើកដំណើរ ការនៅកម្ពុជា ដោយសារតែ ក្រុមហ៊ុនមាននយោបាយមួយ គឺបើកចំហរជើងមេឃ សម្រាប់កម្ពុជា គឺជាប្រទេសមួយ ដែលមានប្រវត្តិសាស្ត្រមួយ ដ៏យូអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ក្រុមហ៊ុន EUROPCAR មានសាខាចំនួន១៤០ប្រទេសនៅជុំវិញពិភពលោក ហើយកម្ពុជាជាសាខាទី១៤១ ខណៈដែល EUROPCAR បានបោះជំហាននៅតំបន់អាស៊ី ដូចជា សាំហ្គាពួ ម៉ាឡេស៊ី ហ្វីលីពីន ឡាវ និងបណ្តាលប្រទេសធំៗជាច្រើនទៀត។ សម្រាប់កម្ពុជាបានសហការជាមួយក្រុមហ៊ុនរថយន្តល្បីម៉ាក HYUNDAI ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនរថយន្តទំនើបៗមួយចំនួនទៀត៕
មតិយោបល់